(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ James Maddison ត្រូវបានគ្រូបង្វឹកកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិ អង់គ្លេសសម្រាប់ ២ប្រកួតវគ្គជម្រុះ Euro 2020 គ្រាដែលក្រុមតោកំណាចមួយនេះត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីទៅលេងជុំ ២៤ក្រុមចុងក្រោយ។

នេះជាលើកទី២ ហើយសម្រាប់កីឡាករដែលកំពុងលេងឲ្យក្លឹបកញ្ជ្រោងខៀវ Leicester City ដែលបានបានចូលលេងឲ្យជម្រើសជាតិ ៣ប្រកួតមកហើយក្នុងវគ្គជម្រុះ Euro 2020 និងជួយអង់គ្លេសឈរនៅកំពូលតារាងនៃពូល A ដាច់ដោយមាន ១៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ដោយត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះពេលជួបម៉ុងតេក្រូ និងកូសូវ៉ូ។

Maddison ក៏ជាកីឡាករសំខាន់មួយរូបដែលបានជួយ Leicester City ឡើងឈរនៅលេខរៀងទី៣ ក្នុង Premier League នៃសប្តាហ៍ទី១១ រកបាន ២៣ពិន្ទុចាញ់ក្រុមលេខ២ ដែលជាក្រុមការពារជើងឯកត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ គ្រាដែល Liverpool មាន ៣១ពិន្ទុនាំមុខកំពូលតារាងដាច់។

ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ នៅ FIFA World Cup 2018 អង់គ្លេស ត្រូវធ្វើការជាម្ចាស់ផ្ទះដើម្បីទទួលក្រុមភ្ញៀវម៉ុងតេនីក្រូ នៅថ្ងៃទី១៤ ខែវិច្ឆិកា មុនធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះកូសូវ៉ូ នៅ៣ថ្ងៃបន្ទាប់ក្នុងវគ្គជម្រុះ Euro 2020 ជើងទី២៕