(ភ្នំពេញ)៖ តារាសម្ដែង នី មុន្នីនាថ ដែលជាតារាសម្ដែងទឹកភ្នែក ច្រើនតែគ្រងតំណែងជាតួឯក ថ្មីៗនេះបានធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង ខណៈដែលនាងបានច្នៃម៉ូត ឈុតសម្លៀកបំពាក់អប្សរា ​មានឈ្មោះថា «ទេពអប្សរលំអកេសារផ្កាចក» ព្រមទាំងមានលំអរជាមួយនឹងគ្រឿងប្រដាប់ផ្សេងៗ ពីទម្រង់របាំបុរាណខ្មែរ ដើម្បីជាការអបអរសាទរ របាំបុរាណខ្មែរ បានចូលជាបេតិកភណ្ឌពិភពលោក អរូបីយ គម្រប់១៦ឆ្នាំ។ ការច្នៃម៉ូតឈុតទេពអប្សរនេះ ត្រូវបានទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំង ទៅលើស្នាដៃច្នៃលំអឡើង បានយ៉ាងស្រស់ស្អាត ខណៈដែលកញ្ញា នី មុន្នីនាថ គឺធ្លាប់ជាអតីតនាដការី របាំបុរាណ ចេញពីសាលាភូមិន្ទវិចិត្រសិល្បៈ ដូច្នេះហើយទើបនាងមានគំនិតជាច្រើន ក្នុងការច្នៃម៉ូតនេះ​បានយ៉ាងល្អ។

យោងទៅលើគណនីហ្វេសប៊ុក របស់តារាទឹកភ្នែកកញ្ញា នី មុន្នីនាថ បានឲ្យដឹង​ថា «អបអរសាទររបាំបុរាណខ្មែរ បានចូលជាបេតិកភណ្ឌពិភព​លោក អរូបីយគម្រប់១៦ឆ្នាំ សូមឲ្យទម្រង់ ដ៏សែនល្អផូរផង់មួយនេះ ស្ថិតស្ថេរជារៀងរហូតអើយ! អប្សរាគឺជាស្រីទេពអប្សរ មានដើមកំណើត ពីការកូរសមុទ្រទឹកដោះរវាងពពួកទេវតា និងអសុរៈ ដែលមានមានសម្រស់ ព្រមទាំងកិត្តិយស ដ៏ខ្ពង់ខ្ពស់តំណាងឲ្យស្រ្តីខ្មែរទាំងពួង»

មិនតែប៉ុណ្ណោះស្រីស្អាត នី មុន្នីនាថ ក៏បានបរិយាយយ៉ាងក្បោះក្បាយទៀតថា «បុព្វបុរសដូនតាខ្មែរ លោកបានឆ្លាក់ជាប់នឹងប្រាង្គប្រាសាទអង្គរ មានចំនួនទៅដល់១៧៣៧ ដែលទេពអប្សរទាំងនោះ គ្រងលំអទៅដោយគ្រឿងតែងព្រះកាយ និងការតុបតែងកេសាផ្សេងៗគ្នាជាមួយមកុដ ក៏ដូចជាផ្កាភ្ញីជាច្រើន។ មកទល់បច្ចុប្បន្ន អប្សរា ទាំងអស់ពោរពេញទៅដោយ ប្រជាប្រិយភាពក្នុងការទស្សនា និងស្វែងយល់យ៉ាងក្រៃលែង»

អតីតនាដការីរបាំបុរាណខ្មែររូបនេះបន្តថា «ដោយឡែក ក៏មានទេពអប្សរាខ្លះនៅទីខ្ពស់ ឬកាច់ជ្រុងកន្លៀតនៃប្រាង្គប្រាសាទអង្គរ ដែលធ្វើឲ្យអ្នកទស្សនាខ្លះ មិនទាន់បានគយគន់បានច្រើន។ ពីបងប្រុស botramohar art និងនាងខ្ញុំ នី មុនីនាថ បានមូលមតិគ្នា សាកល្បងបង្កើតថ្មី ហើយសូមឧទ្ទិសថ្វាយដល់ទេពអប្សរាពីរដួង ដោយប្រសិទ្ធិនាម​ហៅតាមភាសាក្បាច់ថា «ទេពអប្សរាលំអ​កេសាផ្កាចក» ដែលមានលំអព្រះកាយ ជាមួយគ្រឿងប្រដាប់ពីទម្រង់របាំក្បាច់បុរាណខ្មែរ»

គួរបញ្ជាក់ថា របាំបុរាណខ្មែរ «របាំព្រះរាជទ្រព្យ» បានដាក់ចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោក តាមរយៈអង្គការយូណេស្កូ នៅថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយគិតរហូតមកទល់ពេលនេះ គឺមានរយៈពេល១៦ឆ្មាំមកហើយ ដែលរបាំបុរាណខ្មែរ «របាំព្រះរាជទ្រព្យ» មានឈ្មោះនៅក្នុងបញ្ជី និងទទួលស្គាល់ជាសម្បត្តិវប្បធម៌ បេតិកភណ្ឌអរូបីយពិភពលោក៕