(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ ដែលអតីតបេក្ខជន Cambodian Idol រដូវកាលទី២ ញឹម សួនសោភាទេពី បានចាប់ដៃគ្នាជាមួយនឹងអតីតគូស្នេហ៍កញ្ញា បាន មុន្នល័ក្ខ គឺ DJ Cake បញ្ចេញនូវស្នាដៃចម្រៀង ក៏ដូចជាបកស្រាយរួមគ្នា ក្នុងបទចម្រៀងមួយបទ មានចំណងជើងថា «ពូម៉ូតូឌុប» ខណៈដែលបទចម្រៀងមួយបទនេះ គឺជាបទចម្រៀងបែបកំប្លែង ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។

តាមរយៈបទចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ លាយឡំនឹងអត្ថន័យបែបកំប្លែង «ពូម៉ូតូឌុប» ដែលជាការប៉ះគ្នាលើកដំបូង រវាងតារាចម្រៀងស្រីវ័យក្មេង កញ្ញា ញឹម សួនសោភាទេពី និងតារាចម្រៀងរ៉េប DJ Cake កំពុងអង្រួនចិត្តទស្សនិកជន ឲ្យជក់ចិត្តដិតអារម្មណ៍ ទៅលើចម្រៀងមួយបទនេះ។ មួយវិញទៀត ទោះបីជាទើបចាប់ដៃគ្នាច្រៀងលើកដំបូងក៏ដោយ តែអ្នកទាំងពីរហាក់មានភាពស៊ីសង្វាក់គ្នា ក្នុងចម្រៀងមួយនេះ។

ដោយឡែកសម្រាប់តារាចម្រៀង ញឹម សួនសោភាទេពី ក្រោយពីបទចម្រៀងរបស់ខ្លួន ដែលមានចំណងជើងថា «អ្នកណាកែចិត្តបង» ទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងហើយ គេមិនធ្លាប់លេចឮដំណឹងសោះថា ស្រីស្អាតរូបនេះ បានងាកមកចាប់ដៃបង្កើតចម្រៀងរួមគ្នា ជាមួយនឹង DJ Cake ទើបតែថ្មីៗនេះ ក៏ស្រាប់តែអ្នកទាំងពីរ បានបញ្ចេញនូវបទចម្រៀង​ ដែលជាការបកស្រាយរួមគ្នា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍។

យ៉ាងណាមិញ បទចម្រៀង «ពូម៉ូតូឌុប» គឺជារសជាតិថ្មី និងប្លែកមួយបែបទៀតរបស់ សោភា ទេពី និង DJ Cake ខណៈដែលទើបតែចាប់ដៃគ្នាលើកដំបូង តែអ្នកទាងពីរបានសហការគ្នា បង្កើតនូវបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងមានអត្ថន័យបែបកំប្លែងៗ សម្រាប់កំដរអារម្មណ៍ទស្សនិកជន ឲ្យមានភាពសប្បាយរីករាយ​ ចំពោះចម្រៀងថ្មីមួយនេះ។

តោះចង់ដឹងថា «ពូម៉ូតូឌុប» របស់ DJ Cake និងកញ្ញា ទេពី ប្លែក ពីរោះយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់ និងទស្សនាបទនេះទាំងអស់គ្នា៖