(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ឡៅ ចិត្រា បានក្លាយជាម្ចាស់ខ្សែក្រវ៉ាតមាសក្រោយផ្តួលកីឡាករ លន បញ្ញា សិស្សគុនរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រឹមទឹកទី ២ ក្នុងកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM ដោយមានប្រាក់រង្វាន់ប្រមាណ ១ម៉ឺនដុល្លារនាថ្ងៃទី ១៣ខែតុលា ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រនៅសង្វៀនប្រដាល់ PNN រជ្ជកាលទី១។

កីឡាករជើងខ្លាំង ឡៅ ចិត្រា ប្រើពេលតែត្រឹម ២ទឹកប៉ុណ្ណោះក្នុងការផ្តួលយកឈ្នះកីឡាករ លន បញ្ញា បន្ទាប់ពីធ្វើការវាយសម្រុកយ៉ាងខ្លាំងដោយប្រើក្បាច់កែង ជង្គង់ ទាត់ តែជាចុងក្រោយសិស្សគុននៃក្លឹបប្រដាលឆត្រយោង ៩១១ បានវាយធ្វើឲ្យដៃគូដួលដេកលើសង្វៀនដោយមិនអាចបន្តការប្រកួតត្រឹមតែទឹកទី ២ គ្រាដែលចប់ការប្រកួតកីឡាករ ឡៅ ចិត្រា បានលើកឡើងថា «ការវាយចេញរបស់ លន បញ្ញា មានការវាយយឺតនិងស្រាល ទើបធ្វើឲ្យរូបគេមានឱកាលវាយយកឈ្នះបែបនេះ»

មុនឈានមកដល់ការប្រកួតដណ្តើមខ្សែក្រវាត់មាស ISI PALM រជ្ជកាលទី ១សម្រាប់កីឡាករ ឡៅ ចិត្រា បានធ្វើការប្រកួតយ៉ាងស្វិតស្វាញតាំងតែពីជុំដំបូងដោយបានប្រកួតឈ្នះខ្សែក្រវាត់ប្រាក់ ដោយយកឈ្នះកីឡាករ ឡុង ជិន គ្រាដែលកីឡាករ លន បញ្ញា បានវាយទម្លាក់កីឡាករ សុខ សាវិន ក្នុងការឈ្នះបានខ្សែក្រវាត់ប្រាក់ មុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់មាស។

បញ្ជាក់ផងថា សិស្សគុនមកពីក្លឹបប្រដាលឆត្រយោង ៩១១ កីឡាករ ឡៅ ចិត្រា បានក្លាយជាម្ចាស់ខ្សែក្រវាត់មាស ISI PALM រជ្ជកាលទី ១ក្រោយយកឈ្នះកីឡាករ លន បញ្ញា ដែលជាសិស្សគុនរបស់សមាគមកីឡាប្រដាលក្រសួងការពារជាតិ ដែលមានលោក ធន់ សុភា ជាគ្រូបង្វឹក៕