(ភ្នំពេញ)៖ នៅលើ Chanel Youtube ​មួយ កុមារីដែលសុទ្ធតែជាបងប្អូនបង្កើតនឹងគ្នា៣នាក់ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកុមារីទាំង៣ មានសមត្ថភាពសិល្បៈទាំងរាំ និងច្រៀង ហើយជារឿងកម្រដែលបងប្អូនបង្កើតស្រីៗទាំង៣ មាននិស្ស័យ និង​ទេពកោសល្យសិល្បៈដូចៗគ្នា ។

កុមារីដែលកំពុងធ្វើឲ្យកញ្ជ្រោល លើសង្គមយូធូបទាំង៣នាក់នោះរួមមាន កុមារីឡម កែវពេជ្រចិន្តា បងស្រីភ្លោះអាយុ១១ឆ្នាំ រៀនថ្នាក់ទី៤, កុមារី ឡម កែវពេជ្រចរណៃ ប្អូនស្រីភ្លោះអាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ និងកុមារី ឡម កែវពេជ្រស្រីនាថ អាយុ១០ឆ្នាំ ជាប្អូនស្រីពៅ រៀនថ្នាក់ទី៣។ កុមារីទាំង៣ ត្រូវគេឃើញ Cover បទចាស់ៗ ដោយបញ្ចេញក្បាច់រាំយ៉ាងរស់រវើក និងមានការបកស្រាយបទចម្រៀង ជាក្រុមយ៉ាងពីរោះជាប់ចិត្ត ធ្វើឲ្យអ្នកទស្សនាវីដេអូរបស់ពួកនាង មិនសរសើរមិនបាន។

អ្នកទាំង៣ត្រូវបានគេស្គាល់លើកដំបូង តាមរយៈការចូលប្រឡងក្នុងកម្មវិធី The Voice Kids កាលពីឆ្នាំ២០១៧ និងក្នុងការប្រឡងក្នុងកម្មវិធី Cambodia got's talent។ ទោះ​ជាក្រុមបងប្អូនតូចៗទាំង៣ មិនទទួលបានជោគជ័យ ប៉ុន្តែសមត្ថភាពប្រលងនៅក្នុងពេលនោះ ត្រូវបានមហាជនកត់សម្គាល់។ មួយក្រុមនេះកាន់តែមានការទទួលស្គាល់ខ្លាំងឡើង បន្ទាប់ពីដណ្ដើមបានពានក្នុងមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៩ថ្មី នៅទូរទស្សន៍ជាតិ។

ដូច្នេះហើយទើបវីដេអូបទចម្រៀងរបស់កុមារីទាំង៣ មានការគាំទ្រលើសលប់ នៅពេលផលិតជាវីដេអូបទចម្រៀង និងវីដេអូបញ្ចេញក្បាច់រាំនៅលើឆាណែលយូធូបមួយនេះ។ ក្រុម​អ្នកទាំង៣ មិនទាន់ត្រូវបានកំណត់ឈ្មោះនៅឡើយទេ ប៉ុន្តែយោងតាមការបង្ហើប ក្រុមអ្នកទាំង៣ នឹងត្រូវកំណត់ឈ្មោះថា​ «G Power» បន្ទាប់ពីមានការគាំទ្រភ្លូកទឹកភ្លូកដីទាំងវ័យក្មេងនេះ៕