(ភ្នំពេញ)៖ តារាចម្រៀងស្រី ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រសោភា បានធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ខណៈ​ដែលនាង បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ស្តា​ក្រាម​របស់​ខ្លួន​ ដែលធ្វើឲ្យទស្សនិកជនយល់ថា នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ ជាមួយ​តារា​សម្តែង​វ័យក្មេងដែលត្រូវជាគូស្នេហ៍ គឺ​លោក ឆឹ​ម សក្ក​ដា ខណៈចំណងស្នេហ៍របស់តារាល្បីឈ្មោះពីររូបនេះ កាន់តែមានភាពផ្អែមល្ហែម តាមរយៈការបណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗ។

នៅលើគណនីអ៊ីនស្តាក្រាម របស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះនូវរូបភាពជាមួយនឹង លោក ឆឹម សក្កដា ភ្ជាប់ជាមួយនឹងសារដ៏ខ្លី តែមានអត្ថន័យចាក់ដោតថា «ជិតដល់ថ្ងៃហើយ ថែរាងបន្តិច ខ្លាចអត់ស្អាត»។ យ៉ាងណាមិញ តាមរយៈសារនេះដែរ បើទោះបីជា អ្នកនាង ពេជ្រ សោភា មិនបានបញ្ជាក់ឲ្យច្បាស់លាស់ក៏ដោយ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមមួយនេះ នៅតែគិតថា ប្រហែលអ្នកនាង និងលោក ឆឹម សក្កដា នឹងមានដំណឹងល្អ ពោលគឺដំណឹងរៀបការជាមួយគ្នាឆាប់ៗនេះ។

គួរឲ្យដឹងដែរថា កន្លងមកចំណងស្នេហ៍រវាងតារាចម្រៀង ពេជ្រ សោភា និងតារាសម្ដែងលោក ឆឹម សក្កដា ធ្លាប់ត្រូវបានមហាជន គិតថាគ្រាន់តែជាឈុតស្នេហាក្រៅឆាក ដើម្បីទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រតែប៉ុណ្ណោះ។ តែយ៉ាងណា អ្នកទាំងពីរក៏ធ្លាប់បានចេញមុខអះអាងថា រវាង​អ្នកទាំងពីរ ពិតជា​បាន​ស្រឡាញ់​គ្នាពិតប្រាកដ មិនបានទាមទារការចាប់អារម្មណ៍នោះទេ ដោយកន្លងមក​លោក​ ឆឹម សក្កដា ប្រកាស​ថា ពេជ្រ សោភា គឺជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​លោក និង​ថា​លោក​សប្បាយចិត្ត​បំផុត​ដែល​ត្រូវ​បាន​នារី​ម្នាក់ គឺពេជ្រ សោភា ទទួលយក​ចំណង​ស្នេហ៍​របស់​ខ្លួន។

ដោយឡែកសម្រាប់ការបង្ហើបភ្លាមៗ ពីដំណឹងរៀបការ ពីសំណាក់អ្នកនាងពេជ្រ សោភា តាមរយៈសារខាងលើនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍ និងមានការអបអរសាទរ ពីទស្សនិកជន និងអ្នកគាំទ្រយ៉ាងច្រើនផងដែរ​ ព្រមទាំងមានពាក្យពេចន៍ ជាច្រើនបានចោទសួរឡើងថា តើនាងនឹងមានគម្រោងរៀបការនៅពេលណាដែរ។

គួររំឭកថា ពេជ្រ សោភា ក្រោយ​ពី​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ឈ្មោះ ឡៅ ឆ​លី កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ គឺ​មិនយូរ​ប៉ុន្មាន​អ្នកទាំងពីរក៏បានលែងលះគ្នា។ យ៉ាងណាមិញ ក្រោយបែកបាក់ពីអតីតស្វាមី តារាចម្រៀង ពេជ្រ សោភា បានចាប់ផ្ដើមមាន​ចំណង​ស្នេហា​ថ្មី​ជាមួយនឹង​តារា​សម្តែង និង​ម៉ូ​ដែល​លោក ឆឹ​ម សក្ក​ដា រហូតមកទល់ពេលនេះ អ្នកទាំងពីរក៏បង្ហើបពីដំណឹងល្អឲ្យទស្សនិកជនបានដឹង៕