(ម៉ាឌ្រីដ)៖ លោក Jose Mourinho បានធ្វើការទាត់ចោលចំពោះព័ត៌មានដែលបានលើកឡើងថា រូបលោកនឹងទៅជំនួសកៅអីគ្រូបង្វឹក Zinedine Zidane ក្នុងក្លឹប Real Madrid វិញ បន្ទាប់ពីក្លឹបស្ថិតនៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះកំពុងជួបភាពត្រដាបត្រដួសនាពេលថ្មីៗនេះ។

អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំបាន ៣ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ខាងលើនេះមិនជឿថា ស្ថានការណ៍គឺអាក្រក់ដូចដែលអ្នករាល់គ្នាកំពុងគិតនោះទេ ផ្ទុយទៅវិញក្រុមនៅ Los Blancos មួយនេះក៏កំពុងឈរនៅលេខ៣ មានតែ ២ពិន្ទុប៉ុណ្ណោះ តាមពីក្រោយ Sevilla ថែមទៀត។

លោក Mourinho បានប្រាប់កាសែត Deportes Cuatro ថា «ពួកគេស្ថិតនៅលេខ ៣ ឬទី៤ ទេមែនទេ? វាមិនអាក្រក់ទេ។ ប្រសិនបើអ្នកក្រឡេកមើលវាជាក់ស្តែង ប្រសិនបើអ្នកផ្តោតលើតុពួកគេនៅទីនោះ។ ឥឡូវនេះពួកគេលេងជាមួយ Sevilla ហើយប្រសិនបើពួកគេឈ្នះ ពួកគេនឹងនាំមុខ Sevilla វិញ។ Barcelona ស្ថិតនៅពីក្រោយពួកគេ ហើយ Atletico គឺជាអ្នកនាំមុខគេ»

អតីតអ្នកចាត់ការទូទៅលេចធ្លោក្នុងក្លឹប Inter Milan និងតោខៀវ Chelsea បានគូសបញ្ជាក់ថា «ខ្ញុំមិនចង់វិលត្រឡប់ទេពីព្រោះពួកគេមានអ្នកគ្រប់គ្រងម្នាក់ ហើយខ្ញុំមិនអាចបង្វឹកក្រុមណាដែលមានអ្នកគ្រប់គ្រងទៅហើយបានទេ។ អ្នកអាចនិយាយដោយការគោរពីក្លឹប ប៉ុន្តែក៏និយាយពីអ្នកចាត់ការដែលមិនមែនជានរណាម្នាក់ដែរ។ ខ្ញុំមិនមែនគ្រាន់តែផ្លុំផ្សែងទេ ខ្ញុំចង់អោយអ្វីៗប្រែជាល្អហើយអ្វីៗត្រូវបានជួសជុល»

គួរបញ្ជាក់ផងដែរថា លោក Jose Mourinho មិនទាន់មានក្លឹបណាទាក់ទងដឹកនាំនៅឡើយទេ គិតចាប់តាំងពីថ្នាក់ដឹក នាំនៃក្លឹបបិសាចក្រហម Manchester United បញ្ចប់តំណែងកាលខែចុងឆ្នាំ២០១៨ កន្លងទៅ៕