(ភ្នំពេញ)៖ ក្រោយពីរឿងរ៉ាវចម្រូងចម្រាស់ រវាងក្រុមឧកញ៉ា ឡេង ណាវ៉ាត្រា ដែលដឹកនាំអ្នកសិល្បៈ​ទៅសម្ដែងនៅប្រទេសកូរ៉េ និងក្រុមពលក​រមួយក្រុម បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក រហូតធ្វើឲ្យ លោក ឡេង ណាវ៉ាត់ត្រា នឹងលោក ហេង ឡុង សម្រេចដាក់ពាក្យបណ្ដឹង បុគ្គលនោះ​នៅឯប្រទេសកូរ៉េ ភ្លាមៗ បន្ទាប់ពីក្រុមពលករទាំងនោះ បានដៀលដល់ជាតិសាសន៍ខ្មែរកប់ៗមាត់ ក្រោយឃើញក្រុមអ្នកដំណើរជាមួយនឹង ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចាក់ភ្លេងរាំពេញព្រលានយន្តហោះ នៅក្នុងប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ រឿងរ៉ាវដ៏ក្ដៅគគុក ពាក់ព័ន្ធនឹងករណីប្ដឹងផ្ដល់នេះ មិនទាន់បានចប់សព្វគ្រប់ផង ស្រាប់តែ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា សម្រេចស្នើឲ្យលោក ហេង ឡុង បញ្ចប់រឿងការប្ដឹងផ្ដល់នេះទៅវិញ ព្រមទាំងចាត់ទុកថា ការរាំនៅព្រលាន គឺជាកំហុសឆ្គង និងជាបទពិសោធន៍ក្នុងការកែតម្រូវ ឡើងវិញ​ នៅថ្ងៃខាងមុខ។

យោងតាមផេកហ្វេសប៊ុក ផ្លូវការឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឲ្យដឹងថា «ដើម្បីបញ្ចប់រឿងការចោទប្រកាន់គ្នា ខ្ញុំគិតថា ការរាំនៅព្រលានម៉ាឡេស៊ី ជាដើមហេតុ ដូច្នេះខ្ញុំបាទស្នើ​សូមបង ហេង ឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយការគោរពស្រឡាញ់ពីខ្ញុំ​ ហើយការរាំ របស់ក្មេងៗនៅព្រលានយន្តហោះ (មិនមែនជាអ្នកសិល្បៈទេ) តែយើងខ្ញុំនឹងទុកជា កំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ..»

យ៉ាងណាមិញ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា យល់ឃើញថា ការរាំនៅក្នុងព្រលានយន្ត ក៏ជាកំហុសឆ្គង មួយដើម្បីគិត និងធ្វើការកែតម្រូវឡើងវិញ ទើបរូបលោកផ្ទាល់ ស្នើ​ឲ្យលោក ហេង ឡុង បញ្ចប់ការប្ដឹងផ្ដល់ទៅលើ​ពលករមួយក្រុម ដែលបានដៀលប្រមាថពូជសាសន៍ខ្មែរកប់ៗមាត់នោះ ទៅវិញ។ នេះចាត់ទុកថា ជាគំរូដ៏ល្អមួយ ដែលលោក​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា សម្រេចស្នើ​បញ្ចប់ពាក្យបណ្ដឹង ដោយយល់ឃើញថា ជាខ្មែរដូចគ្នា គួរណាតែចេះយោគយល់ និងអធ្យាស្រ័យគ្នា​៕

Advertising