(ភ្នំពេញ)៖ បទចម្រៀង «ធ្វើបុណ្យខុស» ដែលរៀបរាប់ពីកូនអកត្តញ្ញូបណ្តេញម្តាយចេញពីផ្ទះ ព្រោះការអុចអាលរបស់ភរិយានោះ ពេលនេះបានចេញជា MV ពេញហើយ។ តាមរយៈបទចម្រៀងមួយនេះ ទស្សនិកជនដែលបានទស្សនា គឺទប់ទឹកភ្នែកមិនជាប់តែម្តង ដោយសាច់រឿងកម្សត់ និងបង្ហាញពីចរិតកាចឆ្នាស់របស់កូនប្រសារស្រី ដែលសម្តែងដោយ កញ្ញា ហ្វី យ៉ាដា រហូតដល់ថ្នាក់ទស្សនិកជនមើលវីដេអូចម្រៀងនេះហើយ ទ្រាំមិនបានជេកប់ៗមាត់ នឹងចរិតរបស់នាង ពេលសម្តែងក្នុង MV ចម្រៀង «ធ្វើបុណ្យខុស» មួយនេះ។

ជាក់ស្តែងបទចម្រៀង «ធ្វើបុណ្យខុស» ជាបទចម្រៀងច្រៀងដោយលោក សុខលីម រក្សា និងចូលរួមសម្តែងដោយតារាកាច់ឆ្នាសឆ្នើម កញ្ញាហ្វី យ៉ាដា លោក សុខ លីមរក្សា និងអ្នកស្រី ផល្លា ព្រមទាំងសិល្បករមួយចំនួនទៀត។

ម្ចាស់សំនៀងបទខាងលើ បានលើកឡើងថា បទនេះលោកនិពន្ធទំនុកច្រៀងឡើង ដោយដកស្រង់ចេញពីរឿងពិត និងដើម្បីទុកជាមេរៀន និងបទពិសោធន៍សម្រាប់កូនៗគ្រប់គ្នា មានគំនិតអប់រំចង់កូនៗត្រូវមើលថែ គោរព ប្រណិបត្តិអ្នកមានគុណ គ្រាដែលគាត់នៅមានព្រះជន្ម។ លោកបន្តថា លោកមិនមែនជាអ្នកចម្រៀងទេ ប៉ុន្តែលោកចង់បន្សល់ទុកអនុស្សាវរីយ៍មួយ ដែលមិនអាចបំភ្លេចបាន និងចង់ចូលរួមអប់រំផ្លូវចិត្តដល់អ្នកទស្សនា និងចូលរួមចំណែកស្តួចស្តើងមួយទៅសង្គម។

លោកបន្ថែមថា រឿងនេះក៏មានការសម្តែងយ៉ាងល្អពីតារាសម្តែង និងពិធីករកញ្ញា ហ្វី យ៉ាដា ដែលការសម្តែងរបស់គាត់កាន់តែធ្វើឲ្យសាច់រឿងនេះល្អមួយកម្រិតទៀត។ លោកថា កញ្ញាហ្វី យ៉ាដាសម្តែងតួឆ្នាសឆ្នើមបានល្អ រហូតមានអ្នកទស្សនាខ្លះជេរគាត់ ព្រោះតែចូលតួស្លុងអារម្មណ៍ទៅតាមសាច់រឿង។

តារាស្រី ហ្វីយ៉ាដា ដែលកំពុងតែទទួលបានការគាំទ្រច្រើនតាមរយៈស្នាដៃសម្តែងនោះ បានបញ្ជាក់ថា នាងអត់ខឹងនឹងការជេរទេ ផ្ទុយមកវិញ គឺសប្បាយចិត្ត ព្រោះតែនាងលេងដល់កម្រិតមួយ ដែលទស្សនិកជនអាចស្លុងអារម្មណ៍តាមតួ ដែលនាងសម្តែងជាកូនប្រសារចិត្តអាក្រក់។ នាងបន្តថា នេះមិនមែនជាលើកទីមួយទេដែលនាងទទួលបានការ Comment ជេរពីទស្សនិកជន ប៉ុន្តែវាសុទ្ធតែជាលទ្ធផលល្អ ប្រសើរព្រោះជាអ្វីដែលទស្សនិកជនចាប់អារម្មណ៍៕