(ភ្នំពេញ)៖ ស្របពេលមានអ្នកគាំទ្រមួយចំនួន បានសម្ដែងការភ្ញាក់ផ្អើល ចំពោះលទ្ធផលបឹងកេត លត់វិសាខា ៤-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ កាលពីថ្ងៃពុធ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានបញ្ចេញមតិផ្ទុយថា លោកគ្មានការភ្ញាក់ផ្អើលនោះទេ ព្រោះលោកបានគិតទុកជារួចទៅហើយ។

ឆ្លើយតបនឹងសំណួរ តើលោកមានការភ្ញាក់ផ្អើលឬទេ ចំពោះលទ្ធផលបឹងកេត ប៉ះវិសាខា? គ្រូបង្វឹកជនជាតិអៀរឡង់ខាងលើបាននិយាយថា «ខ្ញុំអត់ចង់កុហកអ្នកទាំងអស់គ្នាទេ! មុនលេងចប់ ខ្ញុំគិតពីការប្រកួតរបស់វិសាខារួចទៅហើយ។ នេះជាអ្វីដែលខ្ញុំតែងអនុវត្តគ្រប់ប្រកួត ចប់ពីមួយប្រកួត យើងត្រូវគិតនៅប្រកួតបន្ទាប់។ ខ្ញុំបានមើលបឹងកេតលេង បឹងកេតគឺជាក្រុមមួយដែលល្អ។ សម្រាប់ខ្ញុំ ខ្ញុំគ្មានអ្វីដែលភ្ញាក់ផ្អើលទេ ព្រោះខ្ញុំដឹងថា បឹងកេតធ្វើបានល្អហើយ»

ការបញ្ជាក់បែបនេះ ក្រោយពេលក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមភ្នំពេញក្រោន ដោយបាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ០-០ កាលពីយប់មិញ។ ការនិយាយដូច្នេះ ទោះបីលោកមិនបានបញ្ជាក់ចំៗក្ដី តែលោកហាក់ដឹងពីចំណុចខ្សោយរបស់វិសាខា ទើបលោកហ៊ានគិតមុនថា បឹងកេត នឹងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតជាមួយវិសាខា ហើយលោកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំងជាមួយបឹងកេតនៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។

ចំពោះវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៩ ខែវិច្ឆិកា ដោយព្រះខ័នរាជស្វាយរៀង ត្រូវប៉ះបឹងកេត ដើម្បីដណ្ដើមពាន។ ប៉ុន្ដែមុនការប្រកួតផ្ដាច់ព្រ័ត្រ ១ថ្ងៃ ក៏មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមវិសាខា និងក្រុមភ្នំពេញក្រោន នៅថ្ងៃទី០៨ ខែវិច្ឆិកាផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា-CNCC៕