(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមភ្នំពេញក្រោយ ជាមួយប្រវត្តិច្រំដែល ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ១១ម៉ែត្រ ៥-៤ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ០-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែ-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ ។

ជាមួយការប្រកួតដ៏តានតឹងនេះ ក្រុមទាំងពីរ សុទ្ធតែឱកាសរៀងៗខ្លួន ទាំងការគ្រប់គ្រងបាល់ និងការបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ តែគ្មានក្រុមណា អាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ ក្រោយចប់ ៩០នាទីស្មើគ្នា០-០ គណៈកម្មការបានសម្រេចឲ្យទាត់ប៉េណាល់ទី ៥បាល់ម្ខាង តែក្រុមទាំងពីរ ធ្វើបានសម្រេច ៤គ្រាប់ស្មើគ្នា ទើបឈានដល់ការទាត់បាល់ទី៦ ដើម្បីកាត់ក្ដី ។ ជាលទ្ធផលការទាត់របស់កីឡាករភ្នំពេញក្រោន ត្រូវអ្នកចាំទីសង្គ្រោះបាន ខណៈស្វាយរៀង ធ្វើបានសម្រេច ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៦ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ក៏បានឈានដល់ការប្រកួតទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផងដែរ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ ដូចគ្នា ។ តែលទ្ធផលទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដីពេលនោះ ព្រះខ័នរាជស្វាយរៀង បានទម្លាក់ភ្នំពេញក្រោន ដោយលទ្ធផល ៣-២ ។ ដូច្នេះនេះគឺជាប្រវត្តិសាស្ដ្រច្រំដែល ដែលគួរឲ្យសោកស្ដាយបំផុត សម្រាប់ក្រុមភ្នំពេញក្រោន តែក៏ជាជំនួបដ៏តានតឹង និងគួរឲ្យចងចាំផងដែរ ។

យ៉ាងណាពេលនេះ បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានរកឃើញហើយ គឺក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតដណ្ដើមជើងឯក ១ថ្ងៃ ក៏មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមចាញ់ ប៉ះចាញ់ គឺក្រុមភ្នំពេញក្រោន និងក្រុមវិសាខា នៅថ្ងៃទី០៨-វិច្ឆិកាផងដែរ៕