យ៉ែម ស្រីពេជ្រ ប្រាប់ពីចំណង់ចំណូលចិត្តលើផ្លូវធម៌ ក្នុងពិធីធម្មយាត្រាទាំង៥ប្រទេស តាមដងទន្លេមេគង្គ
19-09-2019 15:58
(ភ្នំពេញ)៖ តារាសម្ដែង កញ្ញា យ៉ែម ស្រីពេជ្រ ដែលចូលរួមក្នុងពិធីបើកសន្និសីទប្រកាសព្រឹត្តិការណ៍ធម្មតាយាត្រា ក្នុងដែនដីនៃប្រទេសទាំង៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី១៨ កញ្ញា ដែមានតំណាងប្រទេសចំនួន៥ គឺកម្ពុជា ថៃ ឡាវ វៀតណាម និង មីយ៉ាន់ម៉ា នាងបានលើកឡើងជាច្រើនជុំវិញផ្លូវធម៌ ដែលមិននឹកស្មានថា នាងជាយុវវ័យដែលជោគជាំ ដោយសាសនាដល់ម្ល៉ឹងសោះឡើយ។
តារាសម្ដែង យ៉ែម ស្រីពេជ្រ និយាយថា ដ្បិតតែកញ្ញារវល់ និងមានវ័យមិនទាន់ចាស់មែន ប៉ុន្តែកញ្ញាមានចំណូលចិត្តស្ដាប់ព្រះធម៌ និងគោរពព្រះពុទ្ធសាសនាយ៉ាងខ្លាំង អ៊ីចឹងហើយទើបនាង សម្រេចចិត្តចូលរួមក្នុងសន្និសីទស្ដីពីធម្មយាត្រា ដែលជាពិធីដង្ហែរក្បួនផ្សព្វផ្សាយសាសនា ប្រចាំឆ្នាំរបស់ប្រទេសទាំង៥ នៅជុំវិញដងទន្លេមេគង្គនោះ។ នាងថាខ្លួនមានបំណងចង់ផ្សារភ្ជាប់ ជាមួយព្រះពុទ្ធសាសនាប្រមាណ២ឆ្នាំចុងក្រោយ ដោយប៉ងទៅស្ដាប់ធម៌ និងសមាធិនៅក្នុងវត្តអារ៉ាម ដើម្បីអោយបានយល់ដឹងពីព្រះពុទ្ធសាសនា។
នាងនិយាយបន្តថា ជារៀងរាល់ឆ្នាំព្រះសង្ឃ និងដូនជី តែងធ្វើពិធីសមាធិស្ដាប់ធម៌ម្ដង១០ថ្ងៃ ដោយតម្រូវឲ្យរៀនធម៌ និងតាំងសម្មាធិ ដែលកញ្ញាស្ងប់ផ្លូវចិត្តកុំអោយស្ត្រេស។ នាងបង្ហាញអារម្មណ៍ខកចិត្ត ដែលមិនបានចូលរួមក្នុងវគ្គសិក្សាព្រះធម៌បែបនេះ២ឆ្នាំមកហើយ ដោយសារតែអោយតែដល់វគ្គបណ្ដុះបណ្ដាលព្រះធម៌នេះ គឺនាងអត់បានដឹងពីចម្ងាយ ហើយសុំច្បាប់ការងារថតមិនបាន។ យ៉ាងណាមិញ នាងនឹងប៉ងចូលរួមក្នុងកម្មវិធីនេះឲ្យខាងតែបាន ដោយបានទូលសុំព្រះសង្ឃដែលជាអ្នករៀបចំ ដើម្បីប្រាប់ឲ្យដឹងមុន។ ក្នុងនោះនាងក៏ប្រកាសគាំទ្រក្បួនធម្មយាត្រា ដែលប្រកាសធ្វើឡើងផងដែរ។
លោក ស៊ុផាឆៃ វិរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាឡា៩៨០ បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងធ្វើពិធីដង្ហែរក្បួនក្នុងប្រទេសទាំង៥ ដោយបន្ទាប់ពីប្រកាសឲ្យដឹងនៅប្រទេសកម្ពុជា ក្បួនរថយន្ត និងក្បួនថ្មើជើង នឹងចាប់ធ្វើដំណើរនាំព្រះធម៌ បង្កើតមិត្តភាពពីខេត្តឈៀងរ៉ៃប្រទេសថៃ នៅថ្ងៃទី១៤ តុលា ឆ្ពោះទៅមីយ៉ាន់ម៉ា ឡាវ វៀតណាម និងត្រឡប់មកបញ្ចប់ នៅសៀមរាបនៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះរំពឹងថា នឹងមានមនុស្សច្រើនចូលរួម ខណៈដែលប្រទេសទាំង៥ ក៏បានយោគយល់គ្នា ដោយអនុញ្ញាតិក្បួនដង្ហែរចេញចូលដោយមិនបាច់ប្រើលិខិតឆ្លងដែន ដើម្បីរួមគ្នាផ្សព្វផ្សាយសាសនា៕