(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលថត បទចម្រៀងហាលភ្លៀងហាលថ្ងៃ តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញ MV បទ «ក្រមុំស្រុកស្រែ» ដែលជាបទនិពន្ធថ្មីរបស់ខ្លួន ជាផ្លូវការហើយ។ នេះជាបទដែលឆ្លុះបញ្ចាំងពីប្រពៃណីខែភ្ជុំវេចនំខ្មែរ ដែលត្រូវនឹងបរិបទរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលបទចម្រៀងនេះ ក៏មានសាច់រឿងឆ្លុះបញ្ចាំងពីជីវភាពអ្នកស្រុកស្រែ និងពីទំនៀមទំលាប់វេចនំខ្មែរ បន្ថែមពីលើការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នារដូវភ្ជុំ​។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា ដើម្បីអបអរបុណ្យភ្ជុំ អ្នកនាងមានតែបទ «ក្រមុំស្រុកស្រែ» ទុកជាចំណងដៃប៉ុណ្ណោះ ដោយបទចម្រៀងនេះ អ្នកនាង គឺជាអ្នកចំណាយផលិតទាំងស្រុង ព្រោះតែស្រលាញ់តែម្ដង។ អ្នកនាងថា ខ្លួននៅតែមិនអាចដាច់ឆ្ងាយពីសិល្បៈដែលធ្លាប់ជ្រោមជ្រែង អោយអ្នកនាងមានថ្ងៃនេះនោះទេ ទើបអ្នកនាងនៅតែក្រវែលៗនឹងសិល្បៈ បើទោះជាអ្នកនាងមានមុខរបរ និងមានជីវភាពមួយល្អប្រសើរទៅហើយ។

អ្នកនាងបានទាំងរំពឹងថា បទចម្រៀង «ក្រមុំស្រុកស្រែ» នឹងជួយអំពេរអារម្មណ៍បងប្អូនខ្មែរទាំងក្នុងស្រុក ជាពិសេសអ្នករស់នៅក្រៅប្រទេស អោយបាត់នឹកស្រុកនោះផង៕