Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មួយបទ​ពី​បេក្ខភាព «X factor» វ៉ាន ដាណេ ​ពីរោះ និង​មាន​ន័យ​ជ្រាលជ្រៅ​បង្ហាញ​ពី​សង្គម​គ្រឿងញៀន (Video inside)

19-09-2019 14:41

(ភ្នំពេញ)៖​ មានការសរសើរមិនតិចទេ បន្ទាប់ពីអតីតបេក្ខភាព «X factor» លោក វ៉ាន ដាណេ បញ្ចេញបទដំបូងរបស់ខ្លួន ក្រោមចំណងជើងថា «កែខ្លួនជាថ្មី» ដែលបទចម្រៀងនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសង្គមដែលពង្វក់ដោយគ្រឿងញៀន ​មានអត្ថន័យដាស់សតិឲ្យយុវវ័យកុំប្រឡូកនឹងការពង្វក់នេះ ដើម្បីកុំឲ្យសង្គម និងឳពុកម្ដាយអាប់ឱនផងដែរ។ ​ចម្រៀងនេះកំពុងចាក់ដោតស្រទាប់យុវវ័យ ខណៈដែលនៅលើឆាណែលយូធូប គឺទើបតែបង្ហោះសោះ តែមានអ្នកចូលស្ដាប់រាប់ពានដងភ្លាមៗ។

​ចម្រៀងមួយបទនេះ ជាការកែសម្រួល និងផលិតដោយលោក នូ សុផេន ដែលគេស្គាល់ថា ជាអ្នកផលិតកម្មវិធីមួយរូប និងមានស្នាដៃផលិតឈុតបុរាណ​។ លោកបានសម្រេចផលិតបទ «កែខ្លួនជាថ្មី» ឲ្យអតីតបេក្ខជន Xfactor លោក វ៉ាន ដាណេ បន្ទាប់ពីអតីតបេក្ខជនប្រឡងចម្រៀងលំដាប់​ពិភពលោករូបនេះ ​បាត់បង់ឱកាសពីការប្រឡង ហើយកត់សម្គាល់ថា មានទឹកដមសំលេងល្អ។ នេះជាបទផ្ទាល់ខ្លួនលើកដំបូង របស់លោក វ៉ាន ដាណេ ប៉ុន្តែអ្វីដែលមហាជនគិតថាជោគជ័យ គឺបទចម្រៀងនោះ មានទឹកដមសំឡេងឡូយកប់ ហើយសម្រាប់អត្ថន័យវិញ គឺលើកឡើងពីអ្នកញៀនញ៉ាមគ្រឿងញៀន ហើយធ្លាក់ដើរខុសផ្លូវ។

លោក នូ សុផេន រំពឹងថា មួយបទនឹងកាន់តែធ្វើឲ្យតារាចម្រៀង លោក វ៉ា ដាណេ ត្រូវបានមហាជនចាប់អារម្មណ៍ បន្ទាប់ពីលោក វ៉ាន ដាណេ ក៏ធ្វើឲ្យមានការស្គាល់រួចមកហើយ តាមរយៈការប្រលង Xfactor។ តារាចម្រៀងរូបនេះ ក៏ត្រូវបានគេប្រកាសថា នឹងផលិតបទចម្រៀងអោឲ្យថ្មីបន្តទៀត ដោយឆាណែល The World Cambodia និងក្លាយជាឆាណែលដែលនឹងបង្ហោះវីដេអូបទចម្រៀងរបស់លោក វ៉ាន់ ដាណេ នោះផងដែរ។

ចង់ដឹងថា ចម្រៀងមួយបទនេះ ទាំងពីរោះ និងមានអត្ថន័យយ៉ាងណា សូមរីករាយទស្សនា៖