(ក្រចេះ)៖ អ្នកច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗដ៏ល្បី ដែលទស្សនិកជនតែងតែហៅថា កញ្ញា​រំដួលលិចទឹក មួយរយៈមកនេះ ត្រូវបានមហាជនសង្កេតឃើញថា នាងហាក់មមាញឹកនឹងកិច្ចការងារសង្គម ចេញមុខប្រមូលថវិកាជួយកសាងសាលារៀនមួយកន្លែង ស្ថិតនៅភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដែលខ្វះបន្ទប់សិក្សាជាដើម។ តែយ៉ាងណាមិញពេលនេះ ​រំដួលលិចទឹក ស្រាប់តែរងនូវការចោទប្រកាន់ថា បានយកថវិកាដែលប្រមូលបានទាំងនោះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញដោយសាងសង់មិនទាន់ចប់ចុងចប់ដើម។

គណៈកម្មការសាងសង់សាលា ប្រជាពលរដ្ឋ មាតាបិតា សិស្ស លោកគ្រូ-អ្នកគ្រូ នៅក្នុងសាលាអូរត្រូន បានឲ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ថា ដោយសារតែសិស្ស មានការកើនឡើង ខ្វះបន្ទប់សិក្សា រហូតដល់បន្ទប់រៀន១ មានសិស្សចំនួន២ថ្នាក់ខុស​គ្នារៀនក្នុងពេលតែមួយ។ ដោយសារឃើញពីផលលំបាករបស់គ្រូ និងសិស្សបែបនេះ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូនៅក្នុងសាលាមួយនេះ ក៏ធ្វើការរៃអង្គាសថវិកាគ្នា នៅក្នុងសហគមន៍មួយនេះ ហើយអំពាវនាវក្រែងមានសប្បុរជន មានចិត្តចង់ជួយបន្ថែមអាចសាងសង់បាន។ ​ក្នុងនោះក៏បានបង្ហោះហ្វេសបុក រៀបរាប់ពីការខ្វះខាត ស្រាប់តែបានរយៈពេលប៉ុន្មានថ្ងៃ ភ្លាមនោះក៏លេចមុខក្រុមសប្បុរសជនមួយក្រុម ឈ្មោះនៅក្នុងសង្គមហ្វេសប៊ុកគេដាក់ឈ្មោះថា ​«រំដួលលិចទឹក»។

ក្រុមនេះបានចុះទៅដល់សាលាពិនិត្យមើលជាក់ស្តែង ក្នុងនោះក៏បានទិញសម្ភារៈ នំចំណីមួយចំនួន ទៅជូនដល់សិស្សានុសិស្ស ហូបជាមួយគ្នា និងលោកគ្រូអ្នកគ្រូនៅទីនោះ និងបានផ្ដល់ថវិកាចំនួន ៣០០ដុល្លារ។ ពួកគេសន្យាថា និងស្វែងរកថវិកាសម្រាប់ផ្តល់ជូន ក្នុងការសាងសង់ឲ្យបានចប់សព្វគ្រប់ ហើយក៏ចាប់ផ្តើមសាងសង់ ដោយ​យកឈើរបស់គេមកធ្វើការសាងសង់បន្ទប់រៀននោះ តាមអ្វីដែលក្រុមរំដួលលេចទឹកចង់បាន​ និងចង់ពន្លឿនឲ្យបាន​រួចរាល់ សម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយនេះ។ ស្រាប់តែមួយខែក្រោយមក ក្រុមរំដួលលិចទឹក ឆ្លើយតបទៅខាងក្រុមគណៈកម្មការសាងសង់សាលាថា ពួកគេជួយបានត្រឹមតែពាក់កណ្ដាលនោះទេ ខណៈដែលលុយដែលសប្បុរសជននានា និងរួមទាំងថ្នាក់ដឹកនាំមួយចំនួន​បានឧបត្ថម្ភ តាមការប៉ាន់ស្មានប្រមាណជិត១ម៉ឺនដុល្លារឯណោះ។

គណៈកម្មការសាងសង់សាលាបានបន្តថា បន្ទាប់ពីមានការប្រែប្រួលពីក្រុមរំដួលលិចទឹក ប្រមូលថវិកាបានពីសប្បុរសជន សម្រាប់កាជួយសាងសង់សាលាឲ្យបានរួចរាល់ មក នៅត្រឹមជួយតែពាក់កណ្តាលគម្រោងវិញ ហើយរហូតមកទល់ពេលនេះថវិកា ដែលគេផ្លាស់ប្ដូរពីការជួយសាងសង់ទាំងស្រុង មកនៅត្រឹមពាក់កណ្ដាល ក៏មិនមិនបានផ្ដល់ថវិកានោះទៅឲ្យក្រុមគណៈកម្មការសាងសង់សាលានោះទេ រហូតមកដល់ពេលនេះ។

មិនតែប៉ុណ្ណោះចង់ខលទូរស័ព្ទ ដើម្បីធ្វើការសាកសួរពី​រំដួលលិចទឹក ដែលបានអះអាងនឹងចេញមុខ ដើម្បីប្រមូលថវិការពីសប្បុរសជន ដើម្បីសាងសង់សាលានេះជាញឹកញាប់ ដើម្បីយកថវិកានោះទៅសងថ្លៃឈើ ថ្លៃសំណង់នៅជាដើម និងបន្តការសង់​ឲ្យហើយ សម្រាប់ការប្រើប្រាស់នៅវិស្សមកាលថ្មីខាងមុខនេះ ​កញ្ញា រំដួលលិចទឹក តែងតែព្យាយាមបិទទូរស័ព្ទ និងនិយាយពន្យាពេលថា៖ «បងឲ្យខ្ញុំសុំទោស មានបញ្ហាជាមួយជំនួយការ គាត់ដកយកហើយរត់បាត់ កំពុងតែដោះស្រាយ។ តែសុំដោះស្រាយស្ងាត់ៗ អ៊ីចឹងហើយសូមបងអធ្យាស្រ័យ ប្រហែលពាក់កណ្ដាលខែកញ្ញា ខ្ញុំជូនបងហើយ មានរឿងច្រើនចាំជួបអូន តែសុំចិត្តបងរក្សាភាពស្ងប់ស្ងាត់ផង»

គណៈកម្មកាសាងសង់សាលារៀនមួយនេះ បានបញ្ជាក់ទៀតថា កញ្ញារំដួលលិចទឹក តែងនិយាយដោះសារ ម្ដងពេលនេះ ម្ដងពេលនោះរហូត ធ្វើឲ្យពួកគាត់មានការខកចិត្តយ៉ាងខ្លាំង ខណៈ ​ដែលរំដួលលេចទឹក ប្រើឈ្មោះសាលាដែលមានកាខ្វះខាតមួយនេះ ទៅប្រមូលថវិកា ពីសប្បុរសជន រួមនិងថ្នាក់ដឹកនាំនានា ដែលមានចិត្តចង់រួមចំណែក ឧបត្ថម្ភសាងសង់សាលាជូនដល់ សិស្សានុសិស្សបានប្រើប្រាស់ យកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ​។

លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ បានអំពាវនាវ សូមឲ្យសប្បុរសជន រួមនិងថ្នាក់ដឹកនាំ ដែលបានជួយឧបត្ថម្ភគាំទ្របានដឹងកុំឲ្យយកឈ្មោះសាលារៀននានា ដែលនៅតាមតំបន់ដាច់ស្រយាល ទៅស្វែងរកថវិកា​ពីសប្បុរសជន យកទៅដើម្បីបម្រើប្រយោជន៍បុគ្គលបែបនេះ។

ពាក់ពន្ធ័នឹងបញ្ហានេះ ភ្នាក់ងារ Fresh News និង Khmertalking នៅមិនទាន់បានសុំការបកស្រាយពី​រំលិចទឹកនៅឡើយទេ ដោយសារទូរស័ព្ទទៅកញ្ញា រំដួល​លេចទឹក គ្មានការឆ្លើយតប៕