(ភ្នំពេញ)៖ អគ្គលេខាធិការសហព័ន្ធល្បុក្កតោ លោក អ៑ួ តារា គឺជាតារាក្បាច់គុនខ្មែរ ដែលបានសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿង «វាលប្រមាញ់» បានបង្ហាញអារម្មណ៍ជាច្រើន ក្រោយពីបានសម្ដែងជាមួយតារាចិន និងថៃ ក្នុងផ្ទៃរឿងតែមួយ។ គ្មាននរណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងភាពយន្តរឿង «វាលប្រមាញ់» ដោយសារតែនេះគឺជាភាពយន្តខ្មែរ ដែលប្រើដើមទុនជាង១លានដុល្លារ និងជាភាពយន្តដែលសម្ដែងតួឯកដោយតារាក្បាច់គុនចិន និងខ្មែរ។

ថ្លែងក្នុងពិធីបើកសម្ពោធភាពយន្តរឿង «វាលប្រមាញ់» នាល្ងាចថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអនសែនសុខ លោក អ៑ួ តារា និយាយថា ក្នុងភាពយន្តនេះ ផលិតករតម្រូវឲ្យលោកសម្ដែងជាតួអង្គអង្គរក្សអ្នកមាន ដោយមានឈុតវាយតប់ច្រើនតាំងពីឈុតដែលលោកចេញមុខដំបូងរហូតដល់ចប់។ នៅក្នុងរឿងនេះ ដោយលោកគឺជាតួអង្គរក្ស ដែលប្រើក្បាច់ល្បុក្កតោ ហើយត្រូវការពារចៅហ្វាយនាយ ខណៈដែលតួអង្គខ្មែរស្ទើរទាំងអស់ ថ្ងូរពីការលំបាករឿងប្រើភាសាឆ្លងឆ្លើយជាមួយជនជាតិចិន និង ថៃ ដែលជាតួអង្គធំ ប៉ុន្តែលោកប្រាប់ថាខ្លួនមិនសូវលំបាកនោះទេ ដោយសារតែឈុតភាគច្រើនគេអោយលោករត់ បាញ់បោះ និងវាយតប់ច្រើនជាងវ៉ៃ។ យ៉ាងណាមិញលោកថាសម្រាប់ឈុតឆាកវាយតប់ ក៏លោកអត់មានការលំបាកនោះដែរ ដោយសារតែលោក គឺជាអ្នកឯកទេសក្បាច់គុនល្បុក្កតោស្រាប់ ដែលចេះស្ទាត់ជំនាញពីការប្រើប្រាស់ក្បាច់គុន និងចេះបត់បែនតាមអ្វីដែលខាងផលិតករចង់បាន។

លោកបន្តថា ក្នុងភាពយន្តនេះ លោករំភើបជាងគេត្រង់ឈុតអោយលោកជាជនជាតិខ្មែរប្រើក្បាច់ល្បុក្កតោវ៉ៃគ្នាជាមួយតារាចិន ដែលមិនខុសពីតម្រូវអោយក្បាច់គុនប្រទេសទាំងពីរប៉ះគ្នា។ លោក អ៑ួ តារា បដិសេធថា ខ្លួនច្រានចោលមិនថតភាពយន្តក្នុងស្រុកដែលមិនមែនផលិតដោយបរទេសដូចជារឿង «Jailbreak» និងរឿង «វាលប្រមាញ់» នោះទេ ប៉ុន្តែមកពីរឿងភាគទាក់ទងមកលោកទទួលថតមិនបានព្រោះអត់ពេល ហើយសម្រាប់រឿងភាគគឺមិនធ្លាប់មានអ្នកចង់បានលោកអោយទៅសម្ដែង។

លោក ជីមី ហេនឌ័រសុន(Jimmy Henderson) ​អ្នកដឹកនាំសម្ដែង ដែលធ្លាប់ចូលរួមផលិតភាពយន្តរឿង Jailbreak បានអះអាង លោករំពឹងយ៉ាងខ្លាំងថាភាពយន្តរឿង «វាលប្រមាញ់ ឬ The Prey» ដែលប្រើទុនជាង១លានដុល្លារ នឹងផ្ទុះការគាំទ្រមិនចាញ់ភាពយន្តរឿង «Jailbreak» ដែលលោកធ្លាប់បានចូលរួមផលិតនោះទេ។ ម្យ៉ាងមកពីភាពយន្តនេះ សម្ដែងដោយតារាក្បាច់គុនចិន និងតារាមកពីប្រទេសផង ទើបរឹតតែមិនពិបាកទុកចិត្តសម្រាប់សន្ទុះគាំទ្រ។មួយរឿងនេះ ថតនៅស្រុកខ្មែរទាំងអស់ ហើយឈុតឆាកក្នុងរឿងទាំងមូល គឺពោរពេញដោយការបាញ់ប្រហារ ផ្សងព្រេងក្នុងព្រៃ និងវាយតប់ជក់ចិត្តលំនាំតាមរឿង The Most Dangerous Game របស់លោក Rechard Connell​។ លោក ជីមី ហេនឌ័រសុន បន្តនេះ ជាភាពយន្តខ្មែរកម្រិតអន្តរជាតិ ដែលការប្រកាសលក់សំបុត្រគ្រប់រោងគឺចាប់ពីថ្ងៃទី១៩ កញ្ញា តទៅ។

ក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងនោះ គេឃើញមានវត្តមានសិល្បករសិល្បការិនី ផលិតករ និងក្រុមផលិត ជាជនជាតិខ្មែរ និងបរទេសយ៉ាងច្រើនកុះករ ដោយភាពយន្តនេះ ក្រោយដាក់បញ្ចាំងជូនភ្ញៀវទស្សនា ម្នាក់ៗមិនសរសើរ មិនលាន់មាត់មិនបាន ទាំងគុណភាពសំឡេង ពន្លឺ និង សាច់រឿងពីមួយឈុតទៅមួយឈុត៕