(ភ្នំពេញ)៖ ក្រោយពីធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ មានការចាប់អារម្មណ៏បន្ទាប់ពីការបង្ហាញពីមុខមាត់ របស់គូស្នេហ៍ជាសាធារណៈ និងបង្ហាញពីភាពផ្អែមល្ហែម ពីសំណាក់អតីតបវរកញ្ញាចក្រវាល ឆ្នាំ២០១៨ កញ្ញា រឿន ណាត តែថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងថែមទៀត ខណៈនាង និងគូស្នេហ៍​ បានប៉ះគ្នាជាលើកដំបូង ក្នុងខ្សែភាពយន្តថ្មី ដែលកំពុងត្រៀមចាក់ផ្សាយ ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាការពិត នេះជាលើកទីពីរហើយ ដែលស្រីស្អាត រឿន ណាត បានលេចមុខក្នុងការសម្ដែងខ្សែភាពយន្ត បន្ទាប់ពីបានបញ្ចប់ការប្រកួត Miss Universe នៅឯប្រទេសថៃ ខណៈដែលរឿងដំបូងដែលនាងបានចូលរួមសម្ដែងនោះគឺរឿង «រឹងមាំ» ជាភាពយន្តដែលមានការគាំទ្រច្រើនផងដែរ ។

ដោយឡែកសម្រាប់ភាពយន្តទីពីរ ដែលកញ្ញា រឿន ណាត បានចូលរួមសម្ដែង​ គឺរឿង «មនុស្សពិត» ដោយនាងត្រូវសម្ដែងប៉ះគ្នាជាមួយនឹងគូស្នេហ៍ ឈ្មោះថា ជូអ៊ី ខណៈដែលការសម្ដែងរួមគ្នាជាលើកដំបូងនេះ ត្រូវបានទស្សនិកជន រំពឹងថា រឿន ណាត និងគូស្នេហ៍សម្ដែងមានភាពស៊ីសង្វាក់គ្នា កាន់តែធ្វើឲ្យសាច់រឿងទាំងមូល គួរឲ្យជក់ចិត្ត​ ។

នៅក្នុងខ្សែភាពយន្តនេះ គេហាក់កត់សម្គាល់ឃើញ​ថា ​វត្ត​មានគូស្នេហ៍​​ទាំង​ពីរ​​ ត្រូវប្រឈមជាមួយ​ការឈឺចាប់ច្រើន​ដូចគ្នា ជាពិសេស រឿន ណាត តែម្តងព្រោះនាងត្រូវស្វាមីក្បត់ចិត្ត បង្កជា​ស្នេហ៍​លួចលាក់​​ជា​មួយ​នឹង មិត្ត​ជិត​ស្និទ្ធរបស់​នាងបំផុត ធ្វើឲ្យនាងស្ទើរបាត់បង់ស្មារតី ។

គួរបញ្ជាក់ថា ថ្វីត្បិតតែទើបប្រឡូកចូលក្នុងការសម្ដែងរឿងក៏ពិតមែន តែអតីតបវរកញ្ញាចក្រវាល កញ្ញា រឿន ណាត ហាក់ទទួលបាននូវប្រជាប្រិយភាពខ្លាំង ជាពិសេសនោះ ទស្សនិកជន ចាប់អារម្មណ៍ទៅលើសមត្ថភាពសម្ដែងរបស់នាងតែម្ដង។ យ៉ាងណាមិញ ក្រោយពីបង្ហាញមុខគូស្នេហ៍ឲ្យមហាជន បានស្គាល់ហើយនោះ រឿន ណាត ក៏នៅតែមានសន្ទុះការងារសិល្បៈខ្ពស់ ហើយថែមទាំងអាច ចាប់ដៃគ្នាសម្ដែងរឿងថ្មីទៀតផង៕

Advertising