(ភ្នំពេញ)៖ ដោយសារវិសាខា ផ្ដោតលើការប្រយុទ្ធច្រើនពេក ត្រូវបានលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ចាត់ទុកជាចំណុចខ្សោយ ដើម្បីវាយលុករហូតទទួលបានជ័យជម្នះ ៤-០ សម្រាប់បើកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ ។

លោក ហៅ សុជាតិ បានពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះលើក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិនេះ ។ លោកថា «យើងសប្បាយចិត្ត ចំពោះលទ្ធផលនេះ ហើយលទ្ធផលទាំងនេះ ខ្ញុំប្រគល់ឲ្យកីឡាករទាំងអស់ ដោយសារថ្ងៃនេះ ខ្ញុំឃើញពួកគាត់ មានការខិតខំប្រឹងប្រែង និងសហការគ្នាបានល្អមែនទែន នៅលើទីលាន»

បន្ថែមលើនេះ លោកក៏បានបង្ហើបនូវចំណុចខ្សោយរបស់វិសាខា ដែលធ្វើឲ្យបឹងកេតមានឱកាសយកឈ្នះ ជាមួយលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះផងដែរ ។ លោកថា «ចំណុចខ្សោយរបស់វិសាខា ដោយសារគាត់ផ្ដោតលើអាតាក់(ប្រយុទ្ធ)ច្រើនពេក កីឡាករទាំងអស់ គឺអាតាក់ស្ទើរទាំងអស់ តែយើងរៀបចំយ៉ាងម៉េចការពារឲ្យបានល្អ ហើយវាយបកមកវិញ»

យ៉ាងណាមិញលោក ហៅ សុជាតិ បានចាត់ទុកលទ្ធផលនេះ គឺជាជ័យជម្នះហួសពីការស្មានរបស់ខ្លួន ដែលបឹងកេតអាចរកបានច្រើនគ្រាប់ ក្នុងការប្រកួតជាមួយក្រុមខ្លាំងវិសាខា ។ លោកថា «លទ្ធផលនេះ គឺហួសពីការស្មានរបស់យើង ដែលយើងអាចរកបានច្រើនគ្រាប់ ក្នុងការលេងជាមួយក្រុមសម្បូរដោយកីឡាករជាប់ជម្រើសជាតិបែបនេះ»

គួរបញ្ជាក់ថា ក្រោយដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ បឹងកេត ត្រូវឈរចាំក្រុមព្រះខ័នរាជស្វាយរៀង ឬក្រុមភ្នំពេញក្រោន ដែលនឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ ដើម្បីចម្រាញ់យកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នាខែក្រោយ ។ ចាំមើលតើព្រះខ័នរាជស្វាយរៀង ឬភ្នំពេញក្រោន នឹងត្រូវឡើងទៅជួបបឹងកេត?