(វៀងច័ន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា របូត ៣ពិន្ទុទៅហើយ ក្រោយរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុម U-16 ម៉ាឡេស៊ី ដោយលទ្ធផល ៧-០ ក្នុងជំនួបបើកឆាកពូល J នៃវគ្គជម្រុះពានរង្វាន់យុវជនជើងឯកអាស៊ីអាយុក្រោម ១៦ឆ្នាំ AFC U-16 Championship 2020 នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីយប់មិញ ។

សម្រាប់ប្រកួតដំបូងនេះ ក្រុម U-16 ម៉ាឡេស៊ី បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមគោព្រៃជំទង់កម្ពុជា ពិសេសនៅតង់ទី១ ដោយពួកគេបានបំប៉ោងសំណាញ់ទីកម្ពុជាចំនួន ៤គ្រាប់ ហើយពួកគេបានបន្ថែម ៣គ្រាប់ទៀត នៅវគ្គទី៣ ។ ចំណែកក្រុមយុវជន U-16 កម្ពុជា បានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីព្យាយាមវាយបក តែធ្វើមិនបានសម្រេច ដែលធ្វើឲ្យចប់ការប្រកួតពេញម៉ោង កម្ពុជា ចាញ់ម៉ាឡេស៊ី ៧-០ ។

ចំពោះប្រកួតបន្ទាប់ក្រុមគោពៃជំទង់កម្ពុជា ដែលដឹកនាំដោយលោក Inoue Kazunori នឹងបន្ដធ្វើការងារកាន់តែធ្ងន់ ព្រោះត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ជប៉ុន នាថ្ងៃទី២០ ខែកញ្ញាស្អែកនេះ ខណៈមុនជួបកម្ពុជា ក្រុមត្រូវបានគេចាត់ទុកជាក្រុមខ្លាំងប្រចាំទ្វីបនេះ ក៏បានលត់ក្រុមម្ចាស់ផ្ទះឡាវ ៤-០ ផងដែរ កាលពីម្សិលមិញ ។ ដូច្នេះការប្រកួតទី២ នេះ អាចចាត់ទុកជាការកំណត់ជោគវាសនារបស់ក្រុម U-16 កម្ពុជា បើចាញ់ទៀត ពួកគេនឹងអស់ឱកាសតែម្ដង៕