(ភ្នំពេញ)៖​ ក្រុមបឹងកេត បានបំបែកកំណត់ត្រាចាស់របស់ខ្លួនបានហើយ ក្រោយឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ បន្ទាប់ពីយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៤-០ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ ។

ជាមួយនឹងជ័យជម្នះដ៏អស្ចារ្យនេះ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា រកបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) នៅនាទីទី៦, នាទី៣៨ និងនាទី៤៨ និង ១គ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ ម៉ុន វ៉ាន់ដា ។ ក្រឡេកទៅក្រុមវិសាខា បានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីព្យាយាមបក តែមិនអាចបំប៉ោងសំណាញ់ទីក្រុមបឹងកេតបាន ។

នេះគឺជាលើកដំបូងហើយ ដែលបឹងកេត បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រវត្តិចូលរួមប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ៨លើក ហើយពួកគេត្រូវឈរចាំគូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ដែលត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕