(វៀងច័ន្ទន៍)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U-16 ម៉ាឡេស៊ីមុនគេ ក្នុងជំនួបបើកឆាកពូល J នៃវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2020 Qualifiers នាវេលាម៉ោង ៦៖៣០ នាទីល្ងាចនេះនៅកីឡដ្ឋាន National Stadium KM16 នាទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

គួរដឹងថា កាលពីជិត ២ខែមុន ក្រុមទាំងពីរបានជួបគ្នាម្ដងរួចមកហើយ នៃពាន AFF U-15 Championship 2019 ក្នុងពូល B នៅប្រទេសថៃ ដោយលទ្ធផលក្រុមគោព្រៃជំទង់កម្ពុជាបានចាញ់ U-15 ម៉ាឡេស៊ី ២-០។ ចំពោះសមាស ភាពកីឡាករត្រៀមជួបគ្នាល្ងាចនេះវិញ ក៏មិនមានការផ្លាស់ប្ដូរច្រើនដែរ។ ដូច្នេះអាចចាត់ទុកនេះគឺជាជំនួបសងសឹករវាង ក្រុមទាំងពីរ ចាំមើលតើ U-16 កម្ពុជា អាចជម្រះបញ្ជីម៉ាឡេស៊ីបានដែរឬទេ?

យ៉ាងណាលោក Inoue Kazunori គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបាននិយាយថា សម្រាប់ការប្រកួតលើកនេះ លោក ជឿជាក់កូនក្រុមខ្លាំង ជាងកាលជួបម៉ាឡេស៊ី ឬឡាវ នៅប្រទេសថៃ បន្ទាប់ពីកូនក្រុមមានពេលគ្រប់គ្រាន់ក្នុងការប្រមូលផ្ដុំហ្វឹកហាត់ និងការខំប្រឹងខ្លាំងជាមុន រួមទាំងបទពិសោធន៍ទៅលេងពានអន្ដរជាតិនៅចិន។ ហេតុនេះលោករំពឹង ការជួបម៉ាឡេស៊ីលើកនេះ នឹងទទួលបានលទ្ធផលល្អប្រសើរជាងលើកមុន។

គួរដឹងថា បេសកកម្មរបស់ក្រុម U-16 កម្ពុជា នៅទីក្រុងវៀងច័ន្ទន៍ពេលនេះមាន ៣ប្រកួតក្នុងពូល J ដើម្បីដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រនាឆ្នាំ២០២០ ពោលគឺក្រោយជួបម៉ាឡេស៊ី ពួកគេនឹងបន្ដជួបក្រុមការពារតំណែងជើងឯក U-16 ជប៉ុន នាថ្ងៃទី២០-កញ្ញា បន្ទាប់មកទើបប្រកួតបង្ហើយកិច្ចជាមួយក្រុមម្ចាស់ផ្ទះ U-16 ឡាវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មុនត្រឡប់មកមាតុភូមិវិញនៅថ្ងៃបន្ទាប់៕