(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀងបានបង្ហើបថា រូបលោកបានដាក់កូនក្រុមល្អៗពេញជើងតែម្ដង ពេលយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៧-០ ក្នុងលីគ ឆ្នាំ២០១៩ កាលសប្ដាហ៍មុន ដោយមិនបារម្ភពីការត្រៀមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពាក់កណ្ដាលសប្ដាហ៍ខាងមុខឡើយ។

បុរសជនជាតិអៀរឡង់ខាងលើនេះបានពន្យល់ថា៖ «យើងបានដាក់កីឡាករល្អៗពេញជើងតែម្ដង ណាមួយយើងអត់មាន ប្រាក់ មុន្នីឧត្តម ដោយសាររបួស ហើយ Campbell និង វិសាល ក៏ជាប់ពិន័យទៀត។ យើងមានពេល ៤ថ្ងៃដែរ ដើម្បីសម្រាក។ បញ្ហាគឺនៅត្រង់ថា គឺយើងត្រូវលេងជាមួយវិសាខាទៀតក្រោយប្រកួតជាមួយភ្នំពេញក្រោនដែលយើងមានពេលតិចតួចសម្រាប់សម្រាក»។

លោក Nestor បានសង្កត់ធ្ងន់ថា កូនក្រុមលោកអាចប្រមូលកម្លាំងទាន់ជំនួបពាក់កណ្ដលផ្ដាច់ព្រ័ត្រជាមួយក្រោន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ព្រោះនៅសល់ពេលច្រើនថ្ងៃគួរសមដែរ ដើម្បីសម្រាក។

អ្វីដែលសំខាន់ផងនោះ ក្នុងចំណោមជ័យជម្នះ ៧-០ លើបាទីនេះ ខ្សែប្រយុទ្ធ Privat Mbarga រកបាន ៥គ្រាប់ ខណៈខ្សែការពារវ័យក្មេង ត្រាយ វិចិត្រ រកបាន ២គ្រាប់ម្នាក់ឯង៕