(ភ្នំពេញ)៖ កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៧ និងកីឡាអាស៊ី ឆ្នាំ២០១៤ បានដាក់គោលដៅនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីការពារមេដាយមាសរបស់ខ្លួន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

ការលើកឡើងរបស់កីឡាការិនីឆ្នើមផ្នែកកីឡាតេក្វាន់ដូ WT រូបនេះ មុនពេលនាង និងមិត្តរួមក្រុមសរុប ៩នាក់ បាន ធ្វើដំណើរទៅសាធារណរដ្ឋកូរ៉េកាលពីយប់មិញ ដើម្បីហ្វឹកហាត់រយៈពេល ២ខែ សម្រាប់ត្រៀមចូលរួមប្រកួតប្រជែង មេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានខាងលើនាពេលឆាប់ៗខាងមុខនៅប្រទេសហ្វីលីពីន។

សៀវម៉ី បានបញ្ជាក់ថា ការបង្ហាញក្ដីសង្ឃឹមខ្ពស់ដូច្នេះ ដោយសារការតាំងចិត្ត និងការខំប្រឹងរបស់ខ្លួន ក៏ដូចជាការយក ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋកម្ពុជា ដែលតែងផ្ដល់ កម្លាំងចិត្តដល់នាង។ ដូច្នេះនឹងប្ដេជ្ញាខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនធ្វើយ៉ាងណា ការពារមេដាយមាសឲ្យបាន បន្ទាប់ពីកញ្ញាបានឈ្នះមេដាយមាស កាលពីស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី។

គួរបញ្ជាក់ថា កីឡាតេក្វាន់ដូ WT គឺជាកីឡាមួយ ក្នុងចំណោម ៣០ប្រភេទកីឡា ដែលកម្ពុជាត្រៀមបញ្ជូនទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ។ ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ ខេមរៈសហព័ន្ធតេក្វាន់ដូ WT បានបញ្ជូនអត្តពលិក ៩រូបទៅហ្វឹកហាត់ និងពង្រឹងសមត្ថភាពនៅសាធារណរដ្ឋកូរ៉េ ដើម្បីធានាការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិឲ្យខានតែបានពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងខាងលើ៕