(ភ្នំពេញ)៖ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កាលពីពេលថ្មីៗនេះ តារាកំប្លែងវ័យក្មេង ដែលជាកូនស្រីបណ្តូរចិត្តរបស់លោកតា វ៉ិចទ័រ បានស្រាយចម្ងល់ទស្សនិកជនជាច្រើន ពាក់ព័ន្ធនឹងអាថ៌កំបាំងផ្ទាល់ខ្លួន និងដើមចមនៃការចូលក្នុងវិស័យកំប្លែងតាំងពីខ្លួននៅវ័យក្មេង រហូតធំពេញវ័យ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងមូលហេតុចូលកំប្លែង កញ្ញា វ៉ាន់ នីឡា បានឲ្យដឹងថា កាលពីខ្លួននៅក្មេង គ្មានបំណងថានឹងចូលកំប្លែងទេ តែដោយសារខ្វះតួកូន ក្រុមការងារក៏សម្រេចយកចូលសាក ក៏សម្តែងបានរហូតមកទល់នឹងពេលនេះតែម្តង។

ថ្លែងក្នុងកម្មវិធី «អាំថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា វ៉ាន់ នីឡា បានឲ្យដឹងថា កាលណោះដោយសារតែក្រុមកំប្លែងនាយ ពែកមី ខ្វះតួកូន ស្របពេលដែលនាង និងនាយចឺម នៅទីនោះស្រាប់ ដ៏ក្រុមការងារពិភាក្សាគ្នា ហើយសម្រេចយកមកសម្តែងសាក។ នីឡាថា កាលណោះខ្លួន និងនាយចឺម ដែលជាដៃគូក្មេងៗដូចគ្នា ឲ្យយំគឺយំ ឲ្យសើចគឺសើច ពេលឃើញថាសម្តែងបាន ទើបចូលសម្តែងរហូតមកទល់នឹងពេលនេះតែម្តង។

កញ្ញា វ៉ាន់ នីឡា បន្តថា ខ្លួនមិនដឹងនោះទេថា មានដុងក្នុងការសម្តែងកំប្លែង សូម្បីតែប៉ារបស់នាង គឺលោក តាវ៉ិចទ័រ ដំបូងឡើងក៏មិនដឹងថា នាងអាចសម្តែងកំប្លែងបានដែរ។ នាងថា តាមពិតទៅអ្វីដែលចង់ធ្វើ គឺតារាចម្រៀង តែពេលឡើងច្រៀងអៀន ខណៈបើប្រៀបធៀបមកការសម្តែងកំប្លែង គឺមិនអៀននោះទេ ពោលគឺសម្តែងម៉ាអែមតែម្តង។

គួរជម្រាបថា កញ្ញា វ៉ាន់ នីឡា បានប្រឡូកក្នុងវិស័យកំប្លែងតាំងពីខ្លួនមានវ័យក្មេងមកម្ល៉េះ ទោះបច្ចុប្បន្នពេញវ័យ តែនាងនៅតែបន្តអាជីពមួយនេះ ហើយបានបន្ថែមអាជីពផ្សេងទៀត ដូចជាលក់ដូរតាមអនឡាញជាដើម។ ងាកមករឿងឯកជនតារាស្រីរូបនេះ បញ្ជាក់ថា នឹងចូលរោងការជាមួយគូដណ្តឹងនៅឆ្នាំក្រោយ៕