(មេនឆេស្ទើ)៖ កីឡាករចាំទី David De Gea បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៤ឆ្នាំទៅមុខទៀតជាមួយក្លឹបបិសាចក្រហម Manchester United ពោលគឺនឹងផុតកំណត់រហូតដល់ឆ្នាំ២០២៣ ជាមួយនឹងការទទួលបានថ្លៃនឿយហត់ ៣៧៥០០០ផោនក្នុង ១សប្តាហ៍ផងដែរ។

ថ្នាក់ដឹកនាំនៃក្លឹបឈ្នះជើងឯកពាន Premier League ច្រើនជាងគេខាងលើ បានប្រើពេល ២ឆ្នាំដើម្បីអូសទាញអ្នកចាំ ទីអេស្ប៉ាញ វ័យ ២៨ឆ្នាំបន្តកិច្ចសន្យាថ្មី ដ្បិតរូបគេត្រូវបានក្លឹប Real Madrid ចិញ្ចឹមចិត្តចង់បានខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

De Gea បានក្លាយជាកីឡាករទី២ ដែលស៊ីថ្លៃជាងគេ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Alexis Sanchez ដែលទទួលបាន ៥០០០០០ផោនក្នុង ១សប្តាហ៍នោះ ត្រូវបានផ្ទេរទៅលេងនៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង និងលើសខ្សែបម្រើ Paul Pogba ដែលទទួលបាន ២៩០០០០ផោន ក្នុង១សប្តាហ៍។

ក្រោយបន្តកិច្ចសន្យាថ្មី ដើម្បីលេងនៅទឹកដី Old Trafford ទៀតនោះ បានធ្វើឲ្យកីឡាករចាំទីដៃទី១ អេស្ប៉ាញរូបនេះ កើនតម្លៃខ្លួនរហូតដល់ទៅ ៧៥លានផោននាពេលបច្ចុប្បន្នដាច់ឆ្ងាយកាលពីអតីតគ្រូតា Sir Ales-Ferguson ដែលនាំ មកពីក្លឹប Atletico Madrid មានតម្លៃត្រឹមតែ ១៨.៩លានផោនប៉ុណ្ណោះកាលឆ្នាំ២០១១ កន្លងទៅ និងចូលលេងបាន ៣៦៧ប្រកួតឲ្យបិសាចក្រហម Manchester United គិតទល់ពេលនេះ៕