(ភ្នំពេញ)៖ មួយរយៈនេះ តារាសម្តែង ណាខុន កំពុងតែមមាញឹកជាមួយនិងអាជីពសម្តែងរបស់ខ្លួន ពោលតារារូបនេះមិនសូវមានពេលទំនេរប៉ុន្មានទេ ព្រោះតែស្ទើរតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍ គឺមានមុខតារាសម្តែង ណាខុន សឹងតែគ្រប់ប៉ុស្តិ៍តែម្តង។ ព្រោះតែមានសមត្ថភាពសម្តែងខ្ពស់ គូបផ្សំជាមួយ និងរូបសម្រស់ស្អាតសង្ហារបានធ្វើអោយ ណាខុន ឈរជាប់ជាតំណែងតួឯកប្រុសកំពូលតែម្តង។

ទោះបីជាមានការងារសិល្បៈមមាញឹកបែបណាក៏ដោយ ក៏តារាសម្តែង ណាខុន នៅតែឆ្លៀតចង់បានមុខជំនួញបន្ថែមទៀត ព្រោះតែ ណាខុន គិតថា ការរកស៊ីគឺជាចំណង់ចំណូលចិត្តរបស់ខ្លួនតាំងពីដើមមក។ មុខរបរថ្មីនេះ ត្រូវបានណាខុន បញ្ជាក់ថា បានចំណាយប្រាក់ជាង២០ ម៉ឺនដុល្លារ ប៉ុន្តែត្រូវហាងស្រានោះចូលហ៊ុនជាមួយនិងមិត្តភក្តិផងដែរ។

តារាសម្តែង ណាខុន បានបើកហាងលក់ស្រាមួយកន្លែង ឈ្មោះ «ផ្សារភេសជ្ជៈ» នៅតាមបណ្តោយផ្លូវ ព្រះត្រសក់ផ្អែម ជាប់ជាមួយនិង ធនាគារ ABA។ ណាខុន បញ្ជាក់ថា «ផ្សារភេសជ្ជៈ» ចាប់បើកលក់ពីថ្ងៃអាទិត្យ ទី១៥ កញ្ញា នេះហើយ ចំណែកស្រា សុទ្ធសឹងតែនាំមកពីប្រទេសក្រៅ រួមជាមួយតំលៃពិសេស គឺមានបញ្ចុះតំលៃ ១៥ភាគរយ ដល់អតិថិជន ដែលបានមកទិញដល់ហាងផ្ទាល់៕