(ភ្នំពេញ)៖ កីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ២រូប បានរួមចំណែកជួយក្រុមយុវជន U-18 Vengalta Sendai យកឈ្នះក្រុម Sendai University ដោយលទ្ធផល ៤-២ ក្នុងជំនួបមិត្តភាពដកស្រង់បច្ចេកទេស នៅប្រតេសជប៉ុន កាលពីម្សិលមិញ ។ អ្វីដែលពិសេស គឺកីឡាករ សៀង ចន្ធា និង អ៊ាន ពិសី រកបានម្នាក់ ១គ្រាប់ ក្នុងជ័យជម្នះខាងលើ ។

ការចូលរួមប្រកួតជាមួយក្រុម U-18 Vengalta Sendai នេះ ស្របពេល សៀង ចន្ធា និងមិត្តរួមក្រុម ២នាក់ទៀត បាននឹងកំពុងចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ ដែលរៀបចំដោយក្លឹបលីគកំពូលជប៉ុន Vengalta Sendai ហើយនេះគឺជាការប្រកួតមិត្តភាពកលើកដំបូង ដែលយុវជនសាលាបាល់ទាត់ជាតិបាទី បានបង្ហាញសមត្ថភាព អំឡុងពេលពួកគេកំពុងហ្វឹកហាត់នៅទីនោះផងដែរ ។

សូមរំឮកថា កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍របស់ក្លឹប Vengalta Sendai បានធ្វើឡើងចាប់ពីថ្ងៃទី០៩-២៥ ខែកញ្ញា ហើយមានយុវជនសាលាបាល់ទាត់ជាតិបាទី ៣រូបចូលរួម មានកីឡាករ សៀង ចន្ធា, អ៊ាន ពិសី និងអ្នកចាំទី ថា ចាន់រិទ្ធី ដឹកនាំដោយគ្រូបង្វឹកម្នាក់ គឺលោក សាប៊ូន វិនតា ។ ជាមួយបេសកកម្មនេះ ក៏មានការជួយសម្របសម្រួលពីលោក Yusuke IKI អតីតគ្រូយុវជនសាលាបាល់ទាត់ជាតិបាទីដំបូងគេ កាលពីឆ្នាំ២០១៤-២០១៦ ផងដែរ ៕