(ភ្នំពេញ)៖ ថ្មីៗនេះ តារាប្រុស២រូប គឺ លោក ឆាយ វីរៈយុទ្ធ និងនាយ ចយ បានក្លាយជាឪពុកគេ និងមានទឹកមុខញញឹមស្រស់ស្រាយជាប់តែម្តង ក្រោយពីភរិយាតារាប្រុសទាំងពីរូប សម្រាលបានបុត្រគួរឲ្យស្រឡាញ់ និងប្រកបដោយសុខភាពល្អ ទាំងម្តាយ និងទារក។ ពិតណាស់ ភរិយារបស់លោក ឆាយ វីរៈយុទ្ធ សម្រាលបានកូនស្រី ដោយដាក់ឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា ខណៈភរិយា នាយ ចយ សម្រាលបានប្រុស មានឈ្មោះក្រៅថា ណាឃីន ដែលមានមុខមាត់គួរឲ្យខ្នាញ់កាត់រកម្តាយ ដូចពាក្យដែលមហាជននិយាយតៗគ្នាថា «ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់»

មហាជនសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ពេលតារាប្រុសទាំងពីរបានក្លាយជាឪពុកគេ និងបានកូនសុទ្ធតែស្អាតៗ និងសុខភាពល្អ។ ជាពិសេសគឺកូនប្រុសដំបូងរបស់ នាយ ចយ គឺមានមុខមាត់កាត់រកម្តាយ មិន​ដូច​អ្វី​ដែល​មហាជន​មួយ​ចំនួន​គិត​ថា អាច​មានមុខមាត់​មិន​ខុស​ពី ​នាយ ​ច​យ នោះ​ឡើយ។ ទោះ​យ៉ាងណា ចំណងដៃ​កូនប្រុស​នា​ពេល​នេះ​ ​រឹតតែ​ធ្វើ​ឱ្យ​ចំណងអាពាហ៍ពិពាហ៍​របស់ នាយ​ច​យ និង​ភរិយា កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​រឹង​មាំ​បន្ថែម​ទៀត។

ងាកមកតារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ បានបង្ហោះសារក្នុងបណ្តាញសង្គមមានខ្លឹមសារថា កូនស្រីដំបូងរបស់លោកមានឈ្មោះថា «វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខណៈកូនប្រុស នាយ ចយ​ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទំងន់ ៣គីឡូ ៣ខាំ»

ក្រៅពីចូលរួមអបអរសាទរ មហាជន និងអ្នករួមអាជីពសិល្បៈ បានជូនពរដល់ភរិយា និងកូន របស់តារាប្រុសទាំងពីរទទួលបាននូវសុខភាពល្អ និងកាន់តែមានសុភមង្គលក្នុងក្រុមគ្រួសារផងដែរ៕