(ភ្នំពេញ)៖ តារាល្បីៗរហូតដល់ជិត៤០រូប បានគ្រងឈុតកូនកំលោះកូនក្រមុំ​ ក្នុងសម័យលង្វែក និងឈុតសម័យ រំលេចកម្មវិធីយ៉ាងស្កេក​ស្កះ ដើម្បីពញាក់អារម្មណ៍ ឲ្យស្រទាប់មហាជនចាប់អារម្មណ៍ ពីសម័យមួយរបស់ខ្មែរ​ បានធ្វើឲ្យកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែចម្រុះ ដោយសិល្បករចាស់ក្មេងល្បីៗយ៉ាងច្រើនកុះករ ត្រូវគេឃើញបង្ហាញខ្លួន។ ការបង្ហាញខ្លួននេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ ពិធីហាងសម្ពោធហាង ឃ្វីនស៊ី ជូលី ហ្វេសហ្សិន សាខាទី៣ នៅជិតវិទ្យាល័យជាស៊ីមសាមគ្គី។

ទិដ្ឋភាពដែលបានឃើញ នៅក្នុងថ្ងៃនោះមិនខុសពីជប់លៀង ក្នុងសម័យបុរាណមួយ គឺសម័យលង្វែកនោះទេ ដោយសារតែក្នុងពិធីទាំងមូល ស្កេកស្កះ​ទៅដោយសិល្បករសិល្បការិនី ក្នុងទម្រង់សម័យលង្វែក ដែលធ្វើឲ្យភ្ញៀវកិត្តិយស សុទ្ធសឹងតែជាអ្នកមុខអ្នកការចាប់អារម្មណ៍ និងសុំថតរូបជាមួយ។​ ភ្ញៀវកិត្តិយសដែលចម្រុះ ដោយមន្ត្រីជាន់ខ្ពស់​ សុទ្ធតែលាន់សរសើរ ពីការរំលេចឈុតសម័យលង្វែក របស់សិល្បករសិល្បការិនីក្នុងពិធីនោះ ខណៈដែលតារាល្បីៗរួមមាន អ្នកនាង គង់ សុជាតិ អ្នកនាង ម៉ៅ ស៊ីណាត អ្នកនាង ឆ័យលី ដាឡែន លោក ម៉ាដូណា លោក បញ្ញា សិទ្ធិ លោក រតនៈ វិសិទ្ធិ លោក ណូយ វ៉ាន់ណេត អ្នកនាង លី ម៉ារីណា កញ្ញា រំដួលលិចទឹក និងតារាកុះករជាច្រើនរូបទៀត ក៏សុទ្ធសឹងតែបង្ហាញខ្លួនច្រៀងរាំ និងដើរម៉ូដ ធ្វើអោយកម្មវិធី កក្រើកមិនធម្មតា។

អ្នកនាង តាំង ជូលី ដែលជោគជ័យក្នុងការនាំរ៉ូបប្រេន ឃ្វីនស៊ី ពីហុងកុងតាំងពីឆ្នាំ២០១៦ បានអះអាងថា ហេតុផលដែលអ្នកនាង និង​ស្វាមី រំលេចឈុតសម័យលង្វែក នៅក្នុងពិធីសម្ពោធហាងសាខាទី៣នោះ គឺដោយសារតែអ្នកនាង ចង់ឲ្យភ្ញៀវកិត្តិយសដែលអ្នកនាង និងគ្រួសារអញ្ជើញមកចូលរួម ជាពិសេសមន្ត្រីថ្នាក់ធំផង បានឃើញពីសំលៀកបំពាក់ក្នុងសម័យបុរាណ ដែលមានន័យថា បើទោះជាអ្នកនាង គឺជាមនុស្សសម័យថ្មី ប៉ុន្តែក៏ចង់អភិរក្ស ថែរក្សា វប្បធម៌បុរាណ ឲ្យសាធារណជនចាប់អារម្មណ៍។ អ្នកស្រីថា សិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជា ជិត៤០រូប គឺជាអ្នកគ្រងឈុតលង្វែកនេះ ដោយអ្នកនាងបញ្ជាក់ថា នៅក្នុងពិធីមួយ នៅពេលមានក្រុមសិល្បករ រំលេចឈុតបុរាណបែបនេះ គឺថ្លៃថ្នូរ និងទាក់ទាញយ៉ាងខ្លាំង។

នៅក្នុងពិធីនោះ អ្នកនាងក៏បានរៀបចំការដើរបង្ហាណម៉ូដ រំលេចឈ្តប្រចាំហាងចំនួនច្រើនឈុត ដែលសុទ្ធតែជាឈុតល្បីៗរបស់ប្រេនឃ្វីនស៊ីផង។ ក្នុងនោះអ្នកនាងក៏ប្រកាសបញ្ចុះតម្លៃរ៉ូបពី១០ដល់៥០ភាគរយ រហូតដល់ថ្ងៃទី១៤ កញ្ញា នោះផង។ អ្នកនាងថា ការបើកសម្ពោធជាទ្រង់ទ្រាយធំបែបនេះ គឺដើម្បីឲ្យភ្ញៀបកិត្តិយសបានប្លែកភ្នែក និងសប្បាយរីករាយ ជាមួយនឹងក្រុមសិល្បករទាំងសម័យ និងបុរាណ ដើម្បីរួមគ្នាថែរក្សាវប្បធម៌ដូនតា៕