(ភ្នំពេញ)៖ តារាស្រីពីរដួងមានទឹកដមសំឡេងពិរោះរណ្តំ ត្រូវគ្រប់ប្រភេទបទចម្រៀង គឺកញ្ញា បាន មុន្នីល័ក្ខ ដែលជាអតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» និងកញ្ញា សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol» បានបោះជំហានចូលច្រៀងក្នុងផលិតកម្មថោន ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ អ្នកទាំងពីរបានបញ្ចេញបទចម្រៀងម្នាក់មួយបទ ដើម្បីជាចំណងដៃថ្មីបើកឆាកក្នុងផលិតកម្មថោន ខណៈកញ្ញា បាន មុន្នីល័ក្ខ ចេញបទ «នឹកនា» និងកញ្ញា សុវត្ថិឌី ធារីកា ចេញបទ «មេឃធ្លាក់បុប្ផា»។

ជាការកត់សម្គាល់ តារាស្រីទាំងពីរដួងនេះ ចាប់តាំងពីបញ្ចប់ការប្រឡងមក ពួកគេបានធ្វើជាតារាចម្រៀងឯករាជ្យ ដោយមិនស្ថិតក្នុងផលិតកម្មណាមួយឡើយ។ រហូតមកទល់នឹងពេលនេះ ស្រាប់តែបញ្ចេញបទថ្មីរៀងៗខ្លួនក្នុងផលិតកម្មថោន ដែលនេះហាក់បញ្ចាក់យ៉ាងច្បាស់ថា បាន មុន្នីល័ក្ខ និង សុវត្ថិឌី ធារីកា ព្រមចូលជ្រកក្នុងទ្រនំផលិតកម្មថោនហើយ។ ទន្ទឹមគ្នានោះ បទចម្រៀងថ្មីៗ ដែលតារាស្រីទាំងពីរដួងបញ្ចេញថ្មីៗនេះ ត្រូវបានគេដឹងថាសុទ្ធតែជាប្រភេទបទមនោសញ្ចេតនា តែយ៉ាងណាបើទស្សនិកជនស្មានមិនខុស ពួកគេនឹងមានបទថ្មីៗបន្តទៀត ជាពិសេសបទសម្រាប់រដូចភ្ជុំបិណ្ឌខាងមុខនេះតែម្តង។​

ជាមួយគ្នានេះ តារាស្រីវ័យក្មេង កញ្ញា សុវត្ថិឌី ធារីកា ក៏ធ្លាប់បញ្ចាក់ប្រាប់ Fresh News ម្តងរួចមកហើយដែរ ថានាងបានសម្រេចចិត្តធ្វើជាតារាមានទ្រនំ ដោយស្ថិតក្នុងផលិតកម្ម «Top Music» បុត្រសម្ព័ន្ធរបស់ផលិតកម្មថោន។ ទោះពីមុនជាតារាឯករាជ្យ ដែលតារារូបនេះហាក់មិនស្ទាក់ស្ទើរនោះទេ ក្នុងការធ្វើជាតារាមានផលិតកម្មគ្រប់គ្រង ព្រោះនាងចាត់ទុកថាជាបទពិសោធន៍ថ្មីមួយសម្រាប់នាង។

យ៉ាងណាមិញ បទថ្មីខាងលើនេះជាបទដំបូងរបស់សុវត្ថិឌី ធារីកា ព្រោះនាងថាត្រៀមបទថ្មី០២បទ ខណៈបទទី២ នៅមិនទាន់ដឹងឡើយថាជាបទចម្រៀងប្រភេទណា។

គួរជម្រាបថា បទចម្រៀងពីរបទរបស់ បាន មុន្នីល័ក្ខ និង សុវត្ថិឌី ធារីកា ត្រូវបានទស្សនិកជនគាំទ្រច្រើន ដែលនេះហាក់បង្ហាញថាប្រជាប្រិយភាពរបស់តារាស្រីពីររូបនេះ កំពុងមានសន្ទុះ និងត្រូវបានទស្សនិកជនគាំទ្រច្រើន៕