(បរទេស)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo រកបានគ្រាប់បំប៉ោងសំណាញ់ទី ៤គ្រាប់ម្នាក់ឯងក្នុង ជំនួបដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បំបាក់ម្ចាស់ផ្ទះលីទុយអេនី ៥-១ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020។

៤គ្រាប់នាយប់មិញនេះ បានធ្វើឲ្យកីឡាករវ័យ៣៤ឆ្នាំ Ronaldo កើនគ្រាប់ស៊ុតបាន ៣៤គ្រាប់ទាំងលេងក្នុងវគ្គជម្រុះ និងលេងជុំផ្តាច់ព្រ័ត្រក្នុងយុទ្ធនាការ Euro បន្ថែមលើកជួយក្រុមខ្លាំងមួយនេះឈ្នះជើងឯកពាននេះបានម្តងផងដែរកាល ពីឆ្នាំ២០១៦។

បន្ថែមលើនេះ កីឡាករនៃក្លឹបសេះបង្កង់ Juventus នៃប្រទេសអ៊ីតាលីមួយនេះ ក៏រកបាន ៩៣គ្រាប់ឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ច្រើនជាងគេផងដែរ និងចាញ់កីឡាករនិមិត្តរូបរបស់អ៊ីរ៉ង់ Ali Dae ដែលគ្រាប់ស៊ុតបញ្ចូលទីបាន ១០៩គ្រាប់ច្រើនជាងគេលើពិភពលោក។

នេះក៏ជាជ័យជម្នះលើកទី២ ផងដែររបស់ព័រទុយហ្គាល់ក្នុងជម្រុះ Euro 2020 លើកទី៤ ប្រចាំពូល B ដែលរក្សាប្រវត្តិ លេងមិនចាញ់ ក្រៅពីឈ្នះ២ដង និងស្មើ២ដងដូចគ្នា និងរកបាន ៨ពិន្ទុឈរនៅលេខ២ បណ្តោះអាសន្នក្នុងពូល តាមពីក្រោយក្រុមកំពូលតារាងអ៊ុយក្រែនដែលមាន ១៣ពិន្ទុលេងបាន ៥ប្រកួតមិនដែលចាញ់ ដោយឈ្នះ៤ដង និងស្មើ១ដង៕