(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបប្រកួតទល់នឹងក្រុមភ្ញៀវបារ៉ែន (Bahrain) ក្នុងវគ្គសន្សំពិន្ទុនៃ ពូល C វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2022 ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិនាល្ងាចថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

នេះគឺជាការជួបគ្នាលើកទី១ រវាងក្រុមទាំងពីរខាងលើ បន្ទាប់ពីឆ្លងកាត់ ១ប្រកួតដូចគ្នាផងដែរក្នុងវគ្គសន្សំពិន្ទុនៃពូល C ពោលក្រុមគោព្រៃកម្ពុជា ទទួលបាន ១ពិន្ទុពីការប្រកួតស្មើលទ្ធផលទល់នឹងហុងកុង គ្រាដែលម្ចាស់ផ្ទះបារ៉ែន ក៏ស្មើគ្នា ១-១ ផងដែរជាមួយក្រុមអ៊ីរ៉ាក់ (Iraq)។

៣ពិន្ទុថ្ងៃនេះសំខាន់ណាស់ សម្រាប់ក្រុមឈ្នះនឹងឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ ដ្បិតមិនទាន់ មានក្រុមណាមួយរកបាន ៣ពិន្ទុនៅឡើយទេ ខណៈក្រុមខ្លាំងប្រចាំពូល C អ៊ីរ៉ង់ ក៏ចាប់ប្រកួតដំបូងរបស់ខ្លួនដោយត្រូវប៉ះម្ចាស់ផ្ទះហុងកុងនាម៉ោង ១៩៖០០នាយប់នេះដែរ៕