(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងស្រីដែលនិយមចូលចិត្ត ស្លៀកសិចស៊ីខើចលើខើចក្រោម កញ្ញា រតនៈ ពិសី បច្ចុប្បន្នគេសង្កេតឃើញ តារាស្រីរូបនេះ ហាក់មានសន្ទុះខ្លាំងក្នុងការងារសិល្បៈ ជាពិសេសនោះនាងតែងតែក្ដាប់បានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់។ យ៉ាងណាមិញ រតនៈពិសី ហាក់មានសំណាងផ្ទួនៗ ខណៈមុននឹងឈានជើងទៅសម្ដែង នៅប្រទេសអូស្ត្រាលី រតនៈ ពិសី បានក្លាយជាតំណាងប្រទេសកម្ពុជា ទៅច្រៀងក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដែលនឹងចេញដំណើរនៅថ្ងៃទី១៥ខែកញ្ញា ខាងមុខនេះ។

តារាស្រីសិចស៊ី កញ្ញា រតនៈ ពិសី បានឲ្យដឹងថា «ក្នុងនាមនាងខ្ញុំជាតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្ម Top Music (Town) មានកិត្តិយសណាស់ ដែលបានចូលរួម​សម្ដែងក្នុងកម្មវិធី អាស៊ានតំណាងប្រទេស នៅឯទីក្រុង ណានណីងគ័ងស៊ី (ប្រទេសចិន​) នាងខ្ញុំនឹងចេញទៅនៅថ្ងៃទី១៥ នឹង ត្រឡប់មកវិញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩»

ស្រីស្អាត រតនៈ ពិសី និយាយថា «ចាបង! ខ្ញុំពិតជាមានមោទនភាព និងក្ដីសោមនស្សរីករាយ ដែលបានក្លាយជាតារាចម្រៀង តំណាងប្រទេសកម្ពុជា ចេញទៅចូលរួមសម្ដែង ក្នុងកម្មវិធីនៅឯប្រទេសចិន ហើយនេះក៏ជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជាផងដែរ មុននឹងខ្ញុំចេញទៅសម្ដែង និងច្រៀងនៅក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែ»

គួរបញ្ជាក់ថា ក្រោយពីទទួលបានឱកាស ចុះកុងត្រារយៈពេល៥ឆ្នាំ ជាតារាចម្រៀង នៅក្នុងផលិតកម្មថោន តារាចម្រៀងសិចស៊ី រតនៈ ពិសី ក៏មានឱកាសទទួលបានការអញ្ជើញ ឲ្យចេញទៅសម្ដែង នៅប្រទេសអូស្រ្តាលី រយៈពេល៣ខែ ហើយមុននឹងចេញទៅអូស្ត្រាលី ស្រីស្អាតរូបនេះ ត្រូវក្លាយជាតំណាងកម្ពុជា ទៅច្រៀងនៅឯប្រទេសចិនទៀត ដែលនឹងចេញដំណើរនៅថ្ងៃទី១៥ និងត្រឡប់មកវិញ នៅថ្ងៃទី១៩ ខែកញ្ញានេះ ។ នេះចាត់ទុកថា ជាសំណាងផ្ទួនៗគ្នា តែម្ដងរបស់កញ្ញា ​រតនៈ ពិសី ក្នុងការចេញទៅកើបលុយ នៅឯក្រៅប្រទេស៕