(ភ្នំពេញ)៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះ បានប្រកាសឈ្មោះកូនប្រុសរបស់ខ្លួនជាសាធារណៈ ​ដោយសម្រេចចិត្តដាក់ឈ្មោះហៅក្រៅរួចហើយ តែសម្រាប់ឈ្មោះ ពិតនៅមិនទាន់ឯកភាពជាផ្លូវការនោះទេ ទើបអ្នកនាងមិនទាន់បង្ហើប។ ឱក សុគន្ធកញ្ញា និយាយថា ខ្លួននឹងហៅកូនប្រុសក្រោយពេលប្រសូត្រថា «ឆលី» តែនាងមិនបានបង្ហើបប្រាប់ពីមូលហេតុថា អ្វីដែលធ្វើឲ្យអ្នកនាង និងស្វាមី ឯកភាពគ្នាដាក់ឈ្មោះ កូនថា «ឆលី» ដែលមានពាក្យ «លី» ដូចឈ្មោះ លោក អ៊ឹង សុខលី ជាស្វាមីនោះទេ ក្រៅតែ​ពីប្រាប់ថា ចង់បានឈ្មោះបែបនេះ។

ការប្រកាសឲ្យដឹងនៅពេលនេះ គឺក្នុងឱកាសដែលតារាចម្រៀងល្បីល្បាញអ្នកនាង ឱក សុគន្ធកញ្ញា បានចុះកុងត្រាផ្លូវការ ធ្វើជាអ្នកផ្សព្វផ្សាយផលិតផលម្សៅទឹកដោះគោ Nutrimum កាលពីល្ងាចថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៩ ដែលត្រូវគេស្គាល់ថា ជាផលិតផលទឹកដោះគោរបស់ប្រទេសសិង្ហបុរី។ នៅក្នុងពិធីនោះ អ្នកនាងក៏បានប្រកាសឈ្មោះកូនប្រុស ក្នុងផ្ទៃជាសាធារណ:ឲ្យដឹង​ បើទោះជាកូនប្រុស ទើបតែមានវ័យ៦ខែក្នុងផ្ទៃ។

តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុ សម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយ ឲ្យផលិតផលម្សៅ ទឹកដោះគោ NutriMum​ ថាដោយសារទឹកដោះគោនេះ បានជួយឲ្យអ្នកនាងមានសុខភាព តាំងពីប្រើក្នុងពេលពរពោះមកដល់ពេលនេះ ហើយធ្វើឲ្យអ្នកនាងរឹងមាំ ដោយមិនសូវចាញ់ ដែលមិននាំប៉ះពាល់ដល់ការងារ។ អ្នកនាងក៏បានប្រាប់ថា ហេតុផលទៅដល់រោងចក្រផលិត​ដោយផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី ​មើលឃើញយ៉ាងច្បាស់ពីស្តង់ដា និង​ដោយសារតែរសជាតិរបស់ទឹកដោះគោនេះ គឺចង់ឲ្យអ្នកនាងទទួលទាន។

​សូមបញ្ជាក់ថា តំណាងក្រុមហ៊ុនម្សៅទឹកដោះគោ Nutrimum ប្រចាំ​នៅកម្ពុជា បានអះអាងថា ដោយសារតែក្រុមហ៊ុនតាមដាន និងសង្កេតឃើញថា តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាល្បីល្បាញ ដែលមានអ្នកគាំទ្រច្រើន ទើបក្រុមហ៊ុន សម្រេចជ្រើសយកអ្នកនាង ឲ្យធ្វើជាអ្នកផ្សព្វផ្សាយផលិតផលផ្ដាច់មុខ។ អ្នកស្រីក៏បង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាស្រីរូបនេះ យល់ព្រមមករួមការងារ​ជាមួយគ្នា​៕