(ស្កុតឡែន)៖ ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប ក្រុមខ្លាំងៗ ២រួមមានក្រុមជម្រើសជាតិហូឡង់ បានយកឈ្នះក្រុមជម្រើសជាតិអេស្តូនី ខណៈក្រុមប៊ែលហ្ស៊ិក បានយកឈ្នះស្កុតឡែន ក្នុងលទ្ធផល ៤-០ ដូចគ្នានៃវគ្គជម្រុះពានរង្វាន់ Euro 2020 នៅរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ការប្រជែងគ្នាប្រចាំពូល I ក្រុមខ្លាំងប៊ែលហ្ស៊ិក បន្តឈរលើកំពូលតារាងវគ្គសន្សំពិន្ទុ បានយកឈ្នះម្ចាស់ផ្ទះស្កុតឡែន ពីការធ្វើបានសម្រេចដោយកីឡាករឆ្នើមៗ ៤រូបរួមមានកីឡាករខ្សែប្រយុទ្ធ Lukaku នៅនាទីទី៩ Vermaelan នៅនាទី ២៤ Aldeweireld នៅនាទី៣៤ និងខ្សែបម្រើ De Bruyne រកបាននៅនាទី៨២។

យ៉ាងណាមិញសម្រាប់ហូឡង់វិញ បានបន្តឈរលេខរៀងទី៣ ក្នុងតារាងពិន្ទុប្រចាំពូល C ដដែលដោយមាន ៩ពិន្ទុ ក្រោយបំបាក់ម្ចាស់ផ្ទះអេស្តូនី ៤-០ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Ryan Babel រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី១៧ និងនាទី៤៨ គ្រាដែលមិត្តរួមក្រុម Memphis Depay ក៏ធ្វើបានសម្រេច១គ្រាប់ដែរនៅនាទី៧៦ និង Georginio Wijnaldum រកបានគ្រាប់ទី៤ នៅនាទី៨៧៕