(ភ្នំពេញ)៖ ពេលវេលាកាន់តែខិតចូលមកដល់ហើយ ដែលតារាសម្តែងនិងជាតារាម៉ូដែលប្រុស លោក ទ្រី តារាវុធ នឹងត្រូវចេញទៅបញ្ចេញសមត្ថភាព​ក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក «Man Of The Year» 2019 នៅប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះ លោកបានត្រៀមនូវឈុតតំណាងជាតិយ៉ាងអស្ចារ្យ បង្កប់នូវអត្ថន័យច្រើនមានឈ្មោះថា «ស្តេចភុជង្គនាគ វិរុលឆាត»។ លោក​ទ្រី តារាវុធ គឺពិតស័ក្តសមយ៉ាងខ្លាំង​ ជាមួយនឹងការគ្រងឈុតនេះលើខ្លួន ពោលគឺមានភាពរឹងមាំ សមជាសុភាពបុរសខ្មែរ។

លោក ទ្រី តារាវុធ ធ្លាប់បានបង្ហាញលក្ខណៈពិសេសនៃឈុតតំណាងជាតិ ដែលខ្លួននឹងយកទៅបង្ហាញលើឆាកអន្តរជាតិមានឈ្មោះថា «ស្តេចភុជង្គនាគ វិរុលឆាត» ថា គឺបានដកស្រង់ចេញពីផ្ទាំងគំនូរ តាមរយៈរឿង «រាមកេរ្តិ៍»​ ដោយឈ្មោះឈុតមួយនេះ គឺដាក់តាមឈ្មោះតួអង្គ ស្តេចភុជង្គនាគ មួយព្រះអង្គ ព្រះនាមវិរុលឆាត ដែលបានគ្រងមកុដក្បាលនាគ ក្នុងគំនូរបុរាណ​ ក្នុងរឿង «រាមកេរ្តិ៍» នេះឯង។

ព្រឹកការណ៍ប្រកួត «Man Of The Year» ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណជាង ២០ មកពីជុំវិញពិភពលោកចូលរួមប្រកួត។ តារាសម្តែង និងពិធីករ ទ្រី តារាវុធ បានត្រៀមរួចជាស្រេចនូវការហ្វឹកហាត់ លើជំនាញមួយចំនួន ជាច្រើនខែកន្លងមកហើយ ដើម្បីបង្ហាញពីភាពជឿជាក់មួយលើឆាកអន្តរជាតិមួយនេះ។ តែយ៉ាងណា ក៏សំណូមពរដល់ទស្សនិកជនចូលរួមគាំទ្រផងដែរ ព្រោះនេះមិនមែនជាមុខមាត់លោក តែម្នាក់ឯងទេ ពោលគឺតំណាងឲ្យប្រទេសកម្ពុជាទាំងមូលតែម្តង។

គួរបញ្ជាក់ដែរថា លោកទ្រី តារាវុធ មានអាយុ២៤ឆ្នាំ គឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ដ៏មានប្រជាប្រិយ ។ លោកគឺជាអតីត Frishie Boy ចំណាត់ថ្នាក់លេខ១ ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែងក្នុងភាពយន្តជាច្រើន បន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង «កំណត់ហេតុនាងនាថ», រឿង «សរសរកន្លោង», រឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» រឿង «កុំងាកក្រោយ» ជាដើម៕