(ភ្នំពេញ)៖ លោក Helio Sousa គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែនបានបង្ហាញក្ដីបារម្ភអំពីបញ្ហាទីលាន មុនជួបក្រុមជម្រើសជាតិកម្ពុជា ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ពូល C នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។

បុរសជនជាតិព័រទុយហ្គាល់រូបនេះបានបញ្ជាក់ក្នុងសន្និសីទមុនការប្រកួតកាលព្រឹកមិញថា «ក្រុមកម្ពុជាពិតជាធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតកន្លងមក ពិសេសការប្រកួតលើស្មៅសិម្បនិម្មិត ជាផលចំណេញខ្ពស់ដល់ក្រុមម្ចាស់ផ្ទះ ព្រោះក្រុមរបស់យើង ភាគច្រើន គឺយើងលេងលើស្មៅធម្មជាតិ»

បន្ថែមលើនេះ លោកបានទទួលស្គាល់ក្រុមគោព្រៃកម្ពុជា ពិតជាមានការរីកចម្រើន និងរៀបចំបានល្អ ហើយមានកីឡាករល្អៗច្រើន។ តែយ៉ាងណាលោកបានបញ្ជាក់ថា លោកមកទីនេះ គឺដើម្បីជ័យជម្នះនេះ ហេតុនេះលោកបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជាស្អែកនេះ។

លោកបន្ដថា «យើងមើលការប្រកួតកន្លងមក ពេលកម្ពុជា ប៉ះប៉ាគីស្ថាន ក៏ដូចជាហុងកុង ពួកគេពិតជាធ្វើបានល្អ។ តែយ៉ាងណាក្រុមយើង ត្រូវជឿជាក់ថា ពួកយើងត្រៀមខ្លួនរួចរាល់ ១០០% ដើម្បីត្រៀមជួបក្រុមមួយដែលកំពុងរីកចម្រើន និងជាការប្រកួតមួយដ៏តានតឹង ដែលយើងត្រូវព្យាយាមធ្វើឲ្យបានល្អបំផុត»

គួរបញ្ជាក់ថា នេះគឺជាការប្រកួតទី២ ក្នុងពូល C របស់ក្រុមទាំងពីរ ដ្បិតជាបណ្ដោះអាសន្ន កម្ពុជា និងបារ៉ែន សុទ្ធតែមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើគ្នាកាលពីថ្ងៃបើកឆាក ពោលគឺកម្ពុជា ស្មើហុងកុង ១-១ និងបារ៉ែន ស្មើអ៊ីរ៉ាក់ ១-១ ដូចគ្នា។ ដូច្នេះជំនួបលើទីលានពហុកីឡដ្ឋានជាតិស្អែកនេះ គឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរ ត្រូវការឈ្នះ ដើម្បីប្រជែងកៅអីកំពូលតារាង៕