(ភ្នំពេញ)៖ កីឡាករ សៀង ចន្ធា នឹងត្រូវធ្វើដំណើរឆ្ពោះទៅជប៉ុនភ្លាមៗ ក្រោយចប់ការប្រកួត រវាងក្រុមជម្រើសជាតិ កម្ពុជា និងក្រុមជម្រើសជាតិបារ៉ែននាយប់ថ្ងៃទី១០ ខែកញ្ញាស្អែកនេះ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នៅក្លឹបលីគកំពូលជប៉ុន Vegalta Sendai។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

ការបញ្ជាក់របស់ប្រភពខាងលើ ស្របពេលយុវជនសាលាបាល់ទាត់ជាតិបាទី ២រូប គឺកីឡាករ អ៊ាន ពិសី និងអ្នកចាំទី ថា ចាន់រិទ្ធី ដឹកនាំដោយគ្រូបង្វឹកលោក សាប៊ូន វិនតា បានចេញដំណើរទៅចូលរួមកម្មវិធីខាងលើកាលពីយប់មិញ ប៉ុន្ដែមិនមានវត្តមានរបស់កីឡាករ សៀង ចន្ធា ដែលមានឈ្មោះចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍រៀបចំដោយក្លឹប Vegalta Sendai នោះទេ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ចន្ធា អត់បានរួមដំណើរជាមួយមិត្តរួមក្រុម ព្រោះគេជាប់ភារកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា ប៉ះបារ៉ែន នាថ្ងៃស្អែក។ ប៉ុន្ដែក្រោយចប់ការប្រកួតនេះភ្លាម ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកំពុងឡើងជើងរូបនេះ នឹងរៀបចំធ្វើដំណើរទៅជប៉ុននៅយប់ថ្ងៃដដែលតែម្ដង ដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍របស់ក្លឹប Vegalta Sendai ដែលបានចាប់ផ្ដើមពីថ្ងៃទី០៩-២៥ ខែកញ្ញា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះបារ៉ែន នាវេលាម៉ោង ៦៖៣០នាទីល្ងាចស្អែកនេះ នៅពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតទី២ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី៕