(ភ្នំពេញ)៖ ថ្មីៗនេះមហាជនបានធ្វើការចែករំលែកពេញបណ្តាញសង្គម នូវរូបភាពជាច្រើនសន្លឹករបស់ភរិយាអភិបាលខេត្តសៀមរាបអ្នកស្រី​ ទាង អេង ទៀសីហា ភ្ជាប់ជាមួយនឹងសារកោតសរសើរពេញៗមាត់ ថាបានទាំងសម្រស់ និងមានគំនិតលើកស្ទួយស្នាដៃខ្មែរទៀតផង។ ការលើកឡើងបែបនេះ បន្ទាប់ពីមហាជនសង្កេតឃើញថា រាល់កម្មវិធីតូចធំនានា លោកជំទាវតែងតែប្រើប្រាស់កាបូបដៃធ្វើពីដើមកំប្លោក​ ឬហៅថាកាបូបចាក់ ដែលជាស្នាដៃកូនខ្មែរ មើលទៅស្អាតសាកសម និងថ្លៃថ្នូរតែម្តង។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះមហាជនសង្កេតឃើញថា មនុស្សភាគច្រើនចូលចិត្តចំណាយលុយរាប់រយពាន់ម៉ឺនដុល្លារ ទៅទិញរបស់របរប្រើប្រាស់ មិនថាសម្លៀកបំពាក់​ស្បែកជើង ឬកាបូបនោះទេ​ សុទ្ធតែថ្លៃៗពីបរទេស។ តែយ៉ាងណា ងាកមកភរិយាលោកអភិបាលខេត្តសៀមរាប ទៀ សីហា វិញ ហាក់ផ្ទុយពីនារីទាំងឡាយ ​ដែលចូលចិត្តប្រើកាបូបប្រេនៗពីបរទេស ដោយងាកមកប្រើកាបូបស្នាដៃកូនខ្មែរ។

ជាមួយគ្នានោះ រាល់ការចូលរួមកម្មវិធីតូចធំរបស់លោកជំទាវគឺ មហាជនឃើញថា មានកាន់ជាប់នឹងដៃជានិច្ចនូវកាបូបស្នាដៃកូនខ្មែរ ដោយមើលទៅសុទ្ធតែស្អាត សាកសម​និងថ្លៃថ្នូរផងដែរ។​

ជាក់ស្តែង គណនីហ្វេសប៊ុកឈ្មោះ Rothkanha Play ក៏បានបង្ហោះសារកោតសរសើរលោកជំទាវផងដែរ មានខ្លឹមសារថា «គាត់ស្រស់ស្អាតណាស់ ស្អាតទាំងរូបរាង ស្អាតទាំងទឹកចិត្ត។ សំខាន់គាត់គាំទ្ររបស់ខ្មែរ។ សូមសរសើរដោយស្មោះ លើកស្ទួយស្មាដៃខ្មែរ»