(ភ្នំពេញ)៖ ខណៈដែលទីផ្សារឈានឡើង ដោយមានមុខស្ទើរគ្រប់សកម្មភាពបង្ហាញម៉ូដ ថតស្ពត និងសម្ដែងរឿង និងត្រៀមទាំងសម្ដែងតួឯកអោយផលិតកម្មក្លាសុិកផង តារាសម្តែងវ័យក្មេង លោក រុន ណាកូ ដែលជាទូតសុឆន្ទៈ និងជាម្ចាស់ពានប្រជាប្រិយឆ្នាំ២០១៩ បានអះអាងថា លោកមានឱកាសមកដល់ពេលនេះ គឺដោយសារតែ​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរធម៌ និងកិច្ចការសង្គមសុទ្ធសាធ ក្នុងពេលដែលសមាជិករបស់គ្រួសារតារាកម្ពុជាមួយចំនួន ពេលខ្លះក៏ស្ម័គ្រចិត្តចូលរួម ពេលខ្លះក៏មិនរវល់នោះ។ ការងារសប្បុរសធម៌ និងការងារសង្គម មិនបានចំណូលហើយ មានតែការចំណាយធ្វើខ្លួន និងធ្វើដំណើរ ប៉ុន្តែការងារសង្គមទាំងអស់ បានជួយឲ្យសិល្បករដូចលោកមានការទទួលស្គាល់កាន់តែខ្លាំង បើទោះជាប្រឡូកសិល្បៈបានមិនដល់២ឆ្នាំ។

ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ និងលេចធ្លោ កាលពីឆ្នាំ២០១៨រូបនេះ បញ្ជាក់ថា សម្រាប់លោកអោយតែការងារសង្គម មិនថាជាការងារតូចធំៗនោះទេ គឺលោកចូលរួមមិនដែលខាន ជាពិសេសចំពោះរាល់សកម្មភាព ដែលតម្រូវអោយចុះឈ្មោះចូលរួម ដោយមិនតម្រូវលក្ខខណ្ឌ។ តារាភាគច្រើន លុះត្រាតែការងារសង្គមធំៗ ទើបពេញចិត្តស្ម័គ្រចិត្ត ប៉ុន្តែសម្រាប់លោក លោកចូលចិត្តចូលរួមនៅក្នុងសកម្មភាពតូចៗ ដែលតារាសិល្បៈភាគច្រើនមិនសូវចង់ចូលរួមច្រើនជាង។ ជាក់ស្ដែងនៅក្នុងសកម្មភាពរបស់គ្រួសារតារាកម្ពុជា តាំងពីលោកក្លាយជាសមាជិក គឺលោកមិនដែលមើលស្រាលសកម្មភាពតូចៗដែលបានប្រកាសឡើងទេ ដោយលោកបានទាំងចាត់ទុកថា ឱកាសចុះជួយការងារសប្បុរសធម៌ទ្រង់ទ្រាយតូចៗ ដែលតារាភាគច្រើនមើលរំលងនោះហើយ ដែលធ្វើអោយលោក​ត្រូវបានក្រុមទាំងមូលអោយតម្លៃ និងឈានដល់ការផ្ដល់ឱកាសអោយលោកបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសធម៌ធំៗទាំងលោកមិនដែលទាមទារ។ លោកទទូចថាសិល្បករមិនគួរមើលស្រាលសកម្មភាពចុះជួយសង្គមដែលបានស្នើឡើងទេ ជាពិសេសសកម្មភាពតូចៗ ដែលមិនសូវមានអ្នកស្ម័គ្រចិត្តចង់ជួយ គឺរឹតតែធ្វើអោយសិល្បករមិនល្បីមួយរូបមានឱកាសមកដល់ថ្ងៃនេះ។

លោក រុន ណាកូ បន្តថាលោកមិនអាចភ្លេចគុណការងារសង្គមបានទេ ទើបលោកមមាញឹក ពិបាកដកឃ្លាកម្រិតណា ទាំងការសិក្សាផ្នែកពេទ្យនៅខេត្តកំពត និងការងារសិល្បៈបានលុយ តែសម្រាប់ការងារសង្គមគឺស្ទើរតែមិនចោលក្នុងក្រុម។ ការងារបានចំណូលខ្លះ មិនផ្ដល់កិត្តិយស និងមុខមាត់ ដូចការងារសង្គមទេ ទើបលោកប្រកាស់ជំហរលេចមុខអោយសកម្មក្នុងកិច្ចការសង្គម ដោយសុខចិត្តមិនទទួលការងារសិល្បៈបានលុយទេ បើប៉ះចំថ្ងៃការងារសប្បុរសធម៌ទម្លាក់មកដែរ។ លោកថាគ្រួសារតារាកម្ពុជា តាំងពីលោកបានស្គាល់ គឺបើកចំហរអោយសមាជិកចុះឈ្មោះចូលរួមមិនដែលប្រកាន់ថាសមាជិករូបណាៗនោះទេ ដោយលោកចុះឈ្មោះចូលរួមមិនដែលខាន ទើបអាចទទួលបានឱកាសដូចពេលនេះ។

ទោះជាលោកមិនទាន់ល្បី តែលោកយល់ថា បើមើលស្រាលការងារសង្គម គឺទោះជាមានឱកាសថតសម្ដែងកម្រិតណា ក៏អាចរបូតប្រជាប្រិយភាពដោយមិនដឹងខ្លួននោះដែរ នៅពេលតារាថ្មី ចាប់ផ្ដើមលេចធ្លោក្នុងការងារសង្គមកាន់តែច្រើននោះ។ លោកថាខ្លួនកំពុងជោគជ័យ ដោយទទួលបានស្ពត និងរឿងកាន់តែច្រើន ដោយថ្មីៗនេះ គឺលោកទើបតែបញ្ចប់ការថតស្ពតសម្អាងការជាមួយតារាវ័យក្មេង កញ្ញា ទេព មុន្នីរក្សា និងថតស្ពតអោយហាងផ្កាធំមួយ ដែលបានតម្លៃខ្លួនខ្ពស់គួរសម។

លោកមានមោទនភាពបន្ទាប់ពីបានទទួលតំណែងជាទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា ហើយមានឱកាសធ្វើសកម្មភាពសង្គមធំៗ ក្នុងការចូលរួមលើកស្ទួយវប្បធម៌ និងកិច្ចការសង្គមធំៗនាពេលចុងក្រោយ ដែលរុញអោយទីផ្សារសិល្បៈឈានឡើង។ នេះជាអ្វីដែលលោកបានពីការឈ្នះពាន ខណៈដែលលោកបញ្ជាក់ថាក្នុងមួយរយៈចុងក្រោយ ក៏មានមហាជន និងអ្នកគាំទ្រស្គាល់លោកកាន់តែច្បាស់ជាងមុន ក្នុងពេលដែលលោកទើបតែប្រលូកសិល្បៈមិនដល់២ឆ្នាំនៅឡើយ។

លោកទើបតែទទួលបានតំណែងជាតួឯកក្នុងរឿង «ទឹកភ្នែកមួយលានដំណក់» របស់ផលិតកម្មក្លាសុិក ដែលនឹងត្រៀមចេញថតក្នុងពេលឆាប់ៗ និងមានរឿងជាច្រើនទៀត​កំពុងចរចា។ លោករំពឹងយ៉ាងខ្លាំងថា ការងារសិល្បៈនាពេលចុងក្រោយ នឹងកាន់តែជួយអោយលោកមានសន្ទុះ ប៉ុន្តែសម្រាប់លោក គឺមិនចោលការងារសង្គមដាច់ខាត គឺនៅតែទទួល ដោយការសម្ដែងជាតួរាយរងក្នុងរឿងក៏នៅតែទទួល អោយតែក្នុងសាច់រឿងនោះ ត្រូវនឹងសមត្ថភាព៕