(មេនឆេស្ទើ)៖ លោក Ole Gunnar Solksjaer អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United បានសម្រេចតែងតាំងកីឡាករខ្សែប្រយុទ្ធ Marcus Rashford ជាអ្នករាប់រងការទាត់បាល់ប៉េណាល់ទីប្រចាំក្លឹប ក្រោយពេលមិត្តរួមក្រុម Paul Pogba ធ្វើមិនបានសម្រេចក្នុងជំនួបលេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Wolves កាលពី​រាត្រីថ្ងៃចន្ទនៅ Premier League។

តាមរយៈសារព័ត៌មាន The Sun ដែលបានដកស្រង់សំដីលោក Ole បានឲ្យដឹងថា អ្នកចាត់ការសញ្ជាតិន័រវេសរូបនេះ បានតែងតាំងកីឡាករ ២រូបរួមមាន Rashford និង Pogba នៅមុនការទល់នឹង Wolves ដែលជាលទ្ធផលកីឡាករ បារាំង Pogba ជាអ្នកទាត់ ក្រោយពេលរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់​ពីការបង្កកំហុសរបស់កីឡាករខ្សែការពារ Wolves នៅនាទី៦៧ នោះ។

យ៉ាងណាក៏ដោយ Pogba បានធ្វើឲ្យខកខានឱកាសមាស ក្នុងការទទួលបាន ៣ពិន្ទុដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League ដោយរកបានតែ ១ពិន្ទុ និងឈរនៅលេខរៀងទី៤ បណ្តោះអាសន្នឆ្លងកាត់ ២ប្រកួត។ នេះជាការ បរាជ័យក្នុងការទាត់បាល់ប៉េណាល់ទីលើកទី៤ ក្នុងក្លឹប Man Utd របស់ Paul Pogba គិតចាប់តាំងពីរូបគេបានចូលរួម ជាមួយក្លឹបនៅទីក្រុង Manchester នេះកាលឆ្នាំ២០១៧ កន្លងទៅ។

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford រកបាន ២គ្រាប់ក្នុងជ័យជម្នះដែល Manchester United បំបាក់តោខៀវ Chelsea ៤-០ និងមាន ១គ្រាប់ដោយបាល់ប៉េណាល់ទីបើកឆាកនៅនាទី១២ ផងដែរ៕