(ភ្នំពេញ)៖ បេក្ខភាពប្រឡងចម្រៀង X Factor Cambodia លៀង ចាន់ឡា ថ្មីៗនេះបានចេញមុខប្រតិកម្ម ទៅលើបុរសម្នាក់ដែលបានបង្ហោះសារបរិហានាង ហើយហៅនាងសុទ្ធតែជា «ក្របីឡើងទ្រើង» បានល្បី ភ្លេចកំណើតដើម ដោយខឹងនាងប្រើប្រាស់សម្ដីមិនសមរម្យដាក់ខ្លួន។ យ៉ាងណាមិញ ចាន់ឡា ក៏បានព្យាយាមសុំទោសទៅបុរសនោះជាច្រើនដង ដែលនាងបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ដោយអារម្មណ៍ខឹងមួយពេល តែបែរជាត្រូវបុរសនោះ លើកយកតែចំណុចអាក្រក់បន្តិចរបស់ខ្លួនទៅបង្ហោះក្នុងបណ្ដាញសង្គម មិនបានបង្ហាញពីសារសុំទោសរបស់នាង ដែលធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការយល់ច្រឡំ ។

តាមរយៈវីដេអូ ប្រមាណជាង១៦នាទី លៀង ចាន់ឡា បានចេញមុខបកស្រាយនិងបានទទួលកំហុស ថា «នាងពិតជានិយាយសម្តីមិនសមរម្យទៅកាន់បុគ្គលរូបនោះពិតមែន ដោយវាជាអារម្មណ៍ខឹងរបស់នាងមួយពេល ដែលបុរសនោះ យករូបនាងទៅបង្ហោះដោយគ្មានសុំការអនុញ្ញាតពីនាង ប៉ុន្តែក្រោយមកនាងបានលើកដៃសំពះសុំទោសបុរសនោះជាច្រើនដងរួចហើយ តែនាងពុំនឹកស្មានថារឿងនេះក្លាយជារឿងធំបែបនេះឡើយ»

ការចេញមុខបកស្រាយបែបនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ «Ith Ith» ដែលបានបង្ហោះវីដេអូឆាតរវាងខ្លួនជាមួយ លៀង ចាន់ឡា ព្រមសារថា នាងវាយឬកជាងតារាល្បីទៅទៀត ហើយហៅនាងថាជា «ក្របីឡើងទ្រើង» បានល្បីបន្តិច វាយឬកដាក់អ្នកគាំទ្រ ទាំងដែលនាងបានព្យាយាមសុំទោសខ្លួនជាច្រើនដង ប៉ុន្តែម្ចាស់គណនីនោះមិនអើពើ ហើយថែមទំាំងលើកយកតែចំណុចអាក្រក់របស់ ចាន់ឡា ទៅបង្ហោះដោយមិនមើលឃើញពីការសុំទោសរបស់នាងឡើយ៕