(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF Women’s Championship 2019 បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា ១០-១ នៅខេត្តឈុនបូរី ប្រទេសថៃកាលពីល្ងាចមិញ។

នេះគឺជាការបរាជ័យលើកទី២ របស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងពូល B បន្ទាប់ពីប្រកួតបើកឆាកចាញ់ក្រុមជម្រើសជាតិវៀតណាម ១០-០។ ការចាញ់ ២ប្រកួតរបូត ២០គ្រាប់នេះ បានធ្វើឲ្យក្រុមជម្រើសជាតិ ត្រូវធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលដោយស្វ័យប្រវត្តិ ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ដែលមិនទាន់ស្គាល់ពាក្យឈ្នះដូចគ្នា។

យ៉ាងណាមិញ មុនត្រឡប់មកមាតុភូមិវិញក្រុមជម្រើសជាតិនារីកម្ពុជា និងឥណ្ឌូនេស៊ី នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយគ្នា ដើម្បីដណ្ដើមជ័យជម្នះលើកដំបូងរបស់ខ្លួននាថ្ងៃទី២០ ខែសីហាស្អែកនេះ។ ចំណែកក្រុម ដែលបានលត់ក្រុមបាល់ទាត់នារីកម្ពុជាយ៉ាងចាស់ដៃមានវៀតណាម និងមីយ៉ាន់ម៉ា បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ មុនជួបគ្នាដណ្ដើមកៅអីលេខ១ ក្នុងពូលថ្ងៃស្អែកដូចគ្នា៕