(ក្រុងឡុងដ៍)៖ លោក Frank Lampard បានក្លាយជាអ្នកចាត់ការទូទៅទី១ គិតចាប់តាំងពីរដូវកាលឆ្នាំ២០១២-២០១៣ មក ដែលមិនអាចដឹកនាំតោខៀវ Chelsea រកជ័យជម្នះបានក្នុងចំណោម ៣ប្រកួតបើករដូវកាលថ្មីនៃឆ្នាំ២០១៩-២០២០។

ក្រុមជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុនមួយនេះត្រូវបានក្រុមភ្ញៀវកញ្ជ្រោងខៀវ Leicester City ធ្វើការវាយបកតាមស្មើ ១-១ វិញនៅនាទី៦៧ ពីការតែតបញ្ចូលទីរបស់កីឡាករ Wilfred Ndidi ធ្វើឲ្យ Chelsea របូត ៣ពិន្ទុក្នុងដីនៅកីឡដ្ឋាន Stamford Bridge ក្រោមការដឹកនាំរបស់អ្នកចាត់ការអង់គ្លេស Frank Lampard ដែលជាកំណត់ត្រាលេងមិនឈ្នះក្នុងចំណោម ៣ប្រកួត បើកឆាកគិតចាប់តាំងពីរដូវកាលឆ្នាំ២០១២-២០១៣ ដែលបង្វឹកដោយលោក Rafael Benitez។

កីឡាករអង់គ្លេស Mason Mount ជាអ្នករកគ្រាប់នាំមុខឲ្យ Chelsea ត្រឹមចាប់ផ្តើមលេងបាន ៧នាទីប៉ុណ្ណោះពីការស៊ុត ក្នុងរយៈចម្ងាយជា ២០ម៉ែត្រ។

នេះក៏ជាការលេងស្មើលើកដំបូងក្នុងសប្តាហ៍ទី២ នៃលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីរងបរាជ័យ ៤-០ នៅកីឡដ្ឋាន Old Trafford ក្រោមថ្វីជើងរបស់បិសាចក្រហម Manchester United មុនបន្តចាញ់ Liverpool ក្នុងលទ្ធផល ៥-៤ ទៀតដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួត ១២០នាទី ស្មើគ្នា ២-២ នៅទីក្រុង Istanbul នៃប្រទេសតួកគីក្នុងយុទ្ធនាការប្រជែងយកពាន UEFA Super Cup 2019 កាលពីរាត្រីថ្ងៃពុធសប្តាហ៍មុន៕