(ភ្នំពេញ)៖ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កីឡាបាល់ទាត់កម្ពុជានៅថ្ងៃនេះ ដោយក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ​បានយកឈ្នះវៀតណាមជាម្ចាស់ផ្ទះក្នុងលទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩ (AFF U18 Championship)

គ្រាប់ជ័យជម្នះទាំងពីរគ្រាប់នេះ រកបានដោយកីឡាករ សៀង ចន្ធា នៅនាទី​៥០ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ ធី លៀង នៅនាទីចុងក្រោយ។

បើទោះបីជាកម្ពុជាយកឈ្នះវៀតណាម យ៉ាងណាក្តី តែកម្ពុជាមិនអាចឡើងទៅវគ្គបន្តទៀតនោះឡើយ ដោយមានត្រឹមតែ៦ពិន្ទុប៉ុណ្ណោះក្នុងពូល ក្រោយចាញ់ សិង្ហបុរី ម៉ាឡេស៊ី និងអូស្ត្រាលី។ ជ័យជម្នះរបស់កម្ពុជានៅថ្ងៃនេះ អាចនិយាយថា ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កីឡាបាល់ទាត់កម្ពុជា ព្រោះក្រុមវៀតណាម និងថៃ ត្រូវបានគេចាត់ទុកជាក្រុមខ្លាំងក្នុងប្រទេសសមាជិកអាស៊ានទាំង ដែលកម្រមានអ្នកយកឈ្នះនោះឡើយ។

តែការប្រកួតលើកនេះ កម្ពុជាបានយកឈ្នះទាំងវៀតណាម (២-១) និងប្រទេសថៃ (៤-៣)។ សរុបការប្រកួតទាំងអស់ក្នុងពូល អូស្ត្រាលី បាន ​១២ពិន្ទុ ម៉ាឡេស៊ី បាន ​៩ពិន្ទុ ហើយត្រូវឡើងទៅវគ្គ​បន្ត។ ដោយឡែកវៀតណាម​ដែលចាញ់កម្ពុជា មាន​ត្រឹម ​៧ពិន្ទុ។ កម្ពុជាមាន​ ៦ពិន្ទុ ក្រោយឈ្នះថៃ ៤-៣ ឈ្នះម្ចាស់ផ្ទះវៀតណាម ២-១ តែចាញ់​សិង្ហបុរី ១-០ និងចាញ់​ម៉ាឡេស៊ី ៣-០ និងចាញ់អូស្ត្រាលី ៥-១។​​

សូមបញ្ជាក់ក្នុងជំនួប៣លើកចុងក្រោយនេះ កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​វៀតណាម​ឡើយ​ នៅ​ឆ្នាំ​២០០២ កម្ពុជា​ចាញ់​វៀតណាម ៣-១, ​ឆ្នាំ​២០០៣ និង ២០០៧ កម្ពុជា​ចាញ់​វៀតណាម​ ៥-០ ដូចគ្នា​៕