(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង ការច្នៃម៉ូតសម្លៀកបំពាក់ដែលជាការរចនាឡើង ដោយច្របាច់បញ្ជូលគ្នារវាង ការរចនាបែបខ្មែរនិងលោកខាងលិច ប្រមាណជា១៧០ប្រភេទ បានធ្វើឡើងក្នុងសណ្ឋាគារ «Penh House & Jungle Addition» កាលពី​ពេលថ្មីៗកន្លងទៅនេះ ដោយសម្លៀកបំពាក់ទាំងអស់នោះ ត្រូវបានរចនាម៉ូតឡើង ដោយអ្នកច្នៃម៉ូតចំនួន១២រូប ​មកពីមជ្ឈមណ្ឌលរចនាម៉ូត «Modern Ethnic Design Center»។ យ៉ាងណាមិញ ក្នុងនោះគេបានរកឃើញជ័យលាភី អ្នកច្នៃម៉ូតសម្លៀកបំពាក់៥រូប ឈ្នះក្នុងការប្រកួត នឹងត្រូវចូលរួមក្នុងកម្មវិធី «Bazaar Berllin» ដែលជាពិព័រណ៍ពាណិជ្ជកម្មដ៏ធំនៅ ប្រទេសអាល្លឺម៉ង់ ក្នុងពេលឆាប់ៗខាងមុខនេះ។

គោលបំណងសំខាន់ក្នុងការ បង្កើតកម្មវិធីប្រកួតការច្នៃម៉ូតសម្លៀកបំពាក់ ដែលមានការរចនាឡើង ដោយច្របាច់បញ្ជូលគ្នារវាង រចនាបែបខ្មែរនិងលោកខាងលិចនេះឡើង ត្រូវបានលោក Sascha Reebs តំណាងស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអះអាងថា «គឺជាឱកាសមួយសម្រាប់សាធារណជនក្នុងការចូលរួម ក៏ដូចជាបង្ហាញការគាំទ្រទៅកាន់ សិល្បករវ័យក្មេងក្នុងស្រុក ដែលមានបំណងចូលរួមក្លាយជាអ្នកច្នៃម៉ូតអាជីព»

លោកបន្តថា កម្ពុជាគឺជាប្រទេសដែលមានឈ្មោះល្បី ផ្នែកឧស្សាហកម្មវាយនភណ្ឌខ្នាតធំ ប៉ុន្តែជារឿយៗសក្កានុពលដ៏ធំ នៃសិប្បកម្មច្នៃម៉ូតខ្នាតតូច បែបចីរភាព ត្រូវបានគេមើលរំលង។ ដូច្នេះពួកយើងចង់ ផ្លាស់ប្តូររឿងទាំងនេះដោយគាំទ្រលើការបណ្តុះបណ្តាល អ្នកច្នៃម៉ូតតាមរយៈមជ្ឈមណ្ឌលរចនាម៉ូត «Modern Ethnic Design Center» ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់អ្នកច្នៃម៉ូតក្នុងស្រុក ដោយទទួលបាន ហិរញ្ញវត្ថុគាំទ្រដោយរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់៕