(ភ្នំពេញ)៖ ថ្មីៗនេះសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងមួយ​ ដើម្បីឲ្យសាធារណៈជនបានជ្រាប់ ស្តីពីការប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតគិតថ្លៃក្នុងឆ្នាំសិក្សា ២០១៩-២០២០។ ក្នុងនោះមានជំនាញជាច្រើនដូចជា៖ តូរ្យតន្ត្រី, របាំ, ល្ខោន, សៀក, និងសិល្បៈសូនរូប។

បើតាមសេចក្តីជូនដំណឹង សាលានឹងចាប់ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅការិយាល័យសិក្សា នៃសាលាមធ្យមវិចិត្រសិក្បៈ។ ការប្រឡងជ្រើសរើសនឹងធ្វើឡើងនៅថ្ងៃទី០៣​ ខែតុលា ឆ្នាំ២០១៩។

ជំនាញដែលត្រូវជ្រើសរើសរួមមាន៖

ទី១ សាលាតូរ្យតន្ត្រី
ផ្នែកចម្រៀង៖ អាយ៉ៃ, ជាពួក និងបុរាណ។
ផ្នែកឧបករណ៍តន្ត្រីសម័យមាន៖ វីយូឡុង, សែលឡូ, កុងត្រូបាស, ត្រុំប៉ែត, ហ្លុត, សាក់សូ, ព្យាណូ និងក្លារីណែត។
ផ្នែកឧបករណ៍បុរាណ៖ ចាប៉ីដងវែង, ស្រឡៃ, ទ្រអ៊ូ, ទ្រសោ, ឃឹម, គងតូច, គងធំ, តាខេ, រនាតឯក, និងរនាតធុង។

ទី២ សាលារបាំ
របាំបុរាណ, របាំប្រពៃណី និងល្ខោនខោល

ទី៣ សាលាល្ខោន
ល្ខោននិយាយ, ល្ខោនយីកេ និងល្ខោនបាសាក់

ទី៤ សាលាសៀក
លោតលើកម្រាល, លំនឹង, ត្រេះ, បច្ចេកទេសលើលំហ, បាល្លេ...

ទី៥ សាលាសិល្បៈសូនរូប
ឯកទេសគំនូរ៖ វិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ​ និងគំនូរលម្អលើក្រណាត់
ឯកទេសចម្លាក់៖ ចម្លាក់ពុម្ភ ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់លើ ខ្មុកស្មាច់ និងកុលាលភាជន៍៕