(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ត្រូវបានតែងតាំងជា​ប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន អាណត្តិឆ្នាំ២០២០-២០២១ ជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកាសតែងតាំងលោក ស សុខា ឲ្យដឹងនាំកីឡាសិស្សប្រចាំតំបន់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន នៅខេត្តស៊ីមម៉ារ៉ាង ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកមិញ ដោយមានការចូលរួមពីគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន រួមទាំងប្រតិភូ និងថ្នាក់ដឹកនាំកម្ពុជា ដោយមានការចូលរួមផ្ទាល់ពីលោក ស សុខា ផងដែរ ។

គួរដឹងថា លោក ស សុខា បានទទួលការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន តាំងពីកម្ពុជា ទទួលរៀបចំប្រកិច្ចប្រជុំ កាលពីមិថុនាកន្លងទៅម្លេះ បន្ទាប់ពីលោកស្រីអនុរដ្ឋលេខាធិការក្រសួងអប់រំ នៃប្រទេសប្រ៊ុយណេ ដែលជាប្រធានអាណត្តិមុន បានផុតអាណត្តិរបស់ខ្លួន ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិ បានគាំទ្រលោក ស សុខា ធ្វើជាប្រធានតែម្ដង ៕