(ភ្នំពេញ)៖ តារាកំប្លែងស្រីរូបស្រស់ សាច់ទ្រលុកទ្រលន់ នាងខ្ញុង ដែលគ្រប់គ្នាស្គាល់ថា ជាភរិយារបស់ នាយ កៃដ នោះ ក្រោយអ្នកទាំងពីររួមរស់ក្រោមដំបូលជាមួយគ្នា ប្រកបដោយសុភមង្គលជាច្រើនឆ្នាំរួចមក ពេលនេះក៏បានសម្រេចចិត្តរៀបការតាមប្រពៃណី នៅខែសីហា ខាងមុខនេះហើយ។ ដំណឹងរៀបការរបស់តារាកំប្លែងប្រុសស្រីទាំងពីរ បានធ្វើឲ្យទស្សនិកជនចាប់អាមរ្មណ៍យ៉ាងខ្លាំង និងចូលរួមត្រែកអរជំនួសគូស្វាមីមួយគូរនេះខ្លាំង ព្រោះបានសម្រេចក្តីបំណង បានរៀបការតាមប្រពៃណី ដែលនារី-បុរសគ្រប់រូបតែងប្រាថ្នាចង់បានក្នុងមួយឆាកជីវិត។

ទស្សនិកជនបានជ្រាប់ហើយថា ចំណងស្នេហ៍រវាងអ្នកនាង ស្រែក សុកាដា ហៅនាងខ្ញុង ជាមួយនឹងមិត្តរួមអាជីពសិល្បៈ គឺ នាយ កៃដ បានចាប់ផ្តើមជាយូរឆ្នាំមកហើយ ខណៈពីមួយថ្ងៃទៅមួយថ្ងៃ មហាជនសង្កេតឃើញថា អ្នកទាំងពីរបានខិតខំធ្វើការ ទាំងសិល្បៈ និងប្រកបជំនួញផ្សេងៗ ដើម្បីរួចផុតជីវិតពីភាពក្រលំបាក។ រហូតមកទល់នឹងបច្ចុប្បន្ន ខណៈការងារសិល្បៈក៏កាកកប មុខរបររកស៊ីក៏រលូនផងនោះ បានធ្វើឲ្យអ្នកទាំងពីរ សម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរតែម្តង។

នាង ខ្ញុង បានឲ្យដឹងតាមរយៈបង្ហោះសារក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា «ចាប់តាំងពីដឹងក្តី ចេះប្រើជីវិតឯកជនមក គឺមានភាពលំបាក ជូរជត់ វេទនា បោកប្រាស់ បោះបង់ ធ្វើបាប ជួបអស់ហើយ តែខ្ញុំក៏នៅតស៊ូជំនះព្រហ្មលិខិតបានរហូតដល់ថ្ងៃនេះ ព្រោះខ្ញុំតែងជឿជាក់លើអំពើរល្អ ដែលខ្ញុំបានសាង ខ្ញុំក៏សង្ឃឹមថា មនុស្សដែលខ្ញុំនឹងផ្ញើរវាសនាពាក់កណ្តាលជីវិតឲ្យគាត់នោះ នឹងយល់ច្បាស់ពីភាពឈឺចាប់ដែលខ្ញុំធ្លាប់ជួបកន្លងមក ចឹងខ្ញុំគិតថាគាត់នឹងចេះអាណិត ស្រលាញ់ យោគយល់ ឲ្យតំលៃ អត់អោន អធ្យាស្រ័យ និងជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ជាមនុស្សដែររឹងមាំ ដើម្បីជាក្តីសង្ឃឹមឲ្យខ្ញុំនឹងកូន អគុណម៉ាក់ក្មេកនឹង បងប្អូនថ្លៃ ដែលស្រលាញ់នឹងឲ្យតម្លៃខ្ញុំ សូមឲ្យគ្រួសារមួយនេះថិតថេរហូតទៅ. (ថ្ងៃដែលរងចាំ)»

យ៉ាងណាមិញ តារាកំប្លែង នាង ខ្ញុង មិនបានបង្ហើបនោះទេ ថាមង្គលការរបស់នាងនឹងហៅភ្ញៀវកិត្តិយសប៉ុន្មានតុចូលរួមនោះ ខណៈពិធីមង្គលការ និងពិសារភោជនាអាហារ គឺនឹងធ្វើនៅផ្ទះខាងស្រី មានទីតាំងនៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕