(មេនឆេស្ទើ)៖ កីឡាករវ័យក្មេង Mason Greenwood បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុត ១គ្រាប់ក្នុងការប្រកួតមិត្តភាពពេលក្រុម Manchester United បំបាក់ Leeds United ក្នុងលទ្ធផល ៤-០ ក្រោមការដឹកនាំរបស់លោក Ole Gunner Solskjaer នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រភពសារព័ត៌មាន BBC បានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិន័រវេស Ole Gunner Solskjaer បានមើលឃើញពីសមាសភាពយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង ១៧ឆ្នាំ Mason Greenwood ដោយបានជួយក្រុមរកបាន ៤គ្រាប់ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមអង់គ្លេសដូចគ្នា Leeds ហើយលោកនឹង​ដាក់កីឡាករខ្សែប្រយុទ្ធរូបនេះក្នុងប្រកួតថ្ងៃបើកឆាកការប្រជែងពានរង្វាន់ Premier League រដូវកាលថ្មីខែក្រោយទល់នឹងតោខៀវ Chelsea នាថ្ងៃទី១១ ខែសីហាខាមុខ។

គួរបញ្ជាក់ផងថា Greenwood ជាសមាជិកក្នុងក្រុមជម្រើសជាតិអង់គ្លេស U-18 ក៏ធ្លាប់ត្រូវបានលោក Solskjaer ដាក់ឲ្យបង្ហាញខ្លួន ៣ប្រកួតក្នុង PL កាលពីរដូវកាលមុន ហើយបច្ចុបប្បន្នកីឡាកររូបនេះក៏អាចជាចំណែកមួយក្នុងការជំនួយកន្លែងខ្សែប្រយុទ្ធរបស់ Romelu Lukaku ដែលកំពុងត្រូវបានក្លឹបអ៊ីតាលី Inter Milan ចាប់អារម្មណ៍ផងនោះ៕